(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត បានថ្លែងកោតសរសើរ និងមើលឃើញថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដែលបានបើកដំណើរការនៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានភាពល្អប្រសើរ និងធ្វើឲ្យពួកគាត់មានទំនុកចិត្ត ជាងអាណត្តិកន្លងទៅផងដែរ។
លោក សួស តុញ អាយុ ៦០ឆ្នាំ គឺជាពលរដ្ឋម្នាក់លរស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចូលរួមបោះឆ្នោតគ្រប់អាណត្តិតាំងពីឆ្នាំ១៩៩៣មក ពោលទាំងការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ លោក សួស តុញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ក្រោយពេលបោះឆ្នោតនៅការិយាល័យក្នុងសលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាលថា «ខ្ញុំមើលឃើញថា នៅអាណត្តិនេះរៀបចំបានល្អជាងអាណត្តិមុនៗ។ ល្អ វាមានការរៀបចំត្រឹមត្រូវ យើងមើលឃើញគួរឲ្យមានទំនុកចិត្ត»។
ប្រជាពលរដ្ឋពីររូបផ្សេងទៀត គឺលោក ប៉ែន ស្រេង អាយុ ៦៥ឆ្នាំ និងអ្នកស្រី សុរិយា អាយុ ២៧ឆ្នាំ រស់នៅក្នុងសង្កាត់តាខ្មៅដែរនោះ ក៏មានការយល់ឃើញដូច នឹងលោក សួស តុញ ផងដែរ។ ពួកគាត់បានលើកឡើងថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយភ្ជាប់ជាមួយរូបថត គឺជាល្អប្រសើរមិនអាចមាននរណាបន្លំឈ្មោះបាន ដែលជាទំនុកចិត្តធំសម្រាប់ប្រជាពលរដ្ឋ។
ក្រុមអ្នកបោះឆ្នោតដែលបានផ្តល់បទសម្ភាសន៍ជាមួយអង្គភាព Fresh News ទាំង ៣រូប ក៏បានសរសើរផងដែរ ចំពោះការរៀបចំឲ្យមានការចាំលេខរៀង ដើម្បីចូលទៅបោះឆ្នោត។ ពួកគាត់ ក៏បានបញ្ជាក់ដែរថា ការបោះឆ្នោតនៅឆ្នាំនេះ ក៏មានសភាពស្ងប់ស្ងាត់ល្អ ដែលជួយឲ្យការបោះឆ្នោតរបស់ពួកគាត់ មិនមានការព្រួយបារម្ភអ្វីនោះឡើយ បើទោះបីពួកគាត់បោះឆ្នោតឲ្យគណបក្សនយោបាយណាមួយក៏ដោយនោះ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋទាំង ៣រូបនេះ សុទ្ធតែបានសម្តែងក្តីសង្ឃឹមថា បេក្ខភាពចៅសង្កាត់ ដែលពួកគាត់បានបោះឆ្នោតជូន នឹងប្រឹងប្រែងផ្តល់សេវា ល្អប្រសើរជូនប្រជាពលរដ្ឋ ហើយជួយអភិវឌ្ឍន៍នៅមូលដ្ឋានកាន់តែរីកចម្រើនថែមទៀត នៅពេលឈ្នះឆ្នោត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។ ដោយឡែកនាយឧត្តមសេនីយ៍ នេត សាវឿន បានកត់សម្គាល់ឃើញថា ការបោះឆ្នោតពេញមួយព្រឹកថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ មិនមានបាតុភាព ឬការបង្កបញ្ហាអសន្តិសុខ ណាមួយកើតឡើងនោះទេ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានចំនួន ៧.៨លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតជាង ៩លាននាក់៕