(មណ្ឌលគិរី)៖ បន្ទាប់ពីការិយាល័យបោះឆ្នោត បានបើកឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត នៅវេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ អភិបាលខេត្តមណ្ឌលគិរី និងលោកស្រី បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅការិយាល័យបោះឆ្នោតលេខ ០១០៥ ស្ថិតក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងវេលានេះដែរ វត្តមានរបស់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក៏បាននាំគ្នាទៅបោះឆ្នោតជូនបក្សនយោបាយដែលខ្លួនពេញចិត្ត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ។
សូមជម្រាបថា ខេត្តមណ្ឌលគិរី មានឃុំ-សង្កាត់ចំនួន២១ មានភូមិចំនួន ១០០ភូមិ មានប្រជាពលរដ្ឋសរុបជាង៧ម៉ឺននាក់។ មានការិយាល័យបោះឆ្នោត នៅពេលនេះមានចំនួន ១២២ការិយាល័យ ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន ៣,៦៧៩៧នាក់។
ចំណែកគណបក្សដែលបានចូលរួមប្រកួតប្រជែងគ្នា មានចំនួន៦ ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សរួបរួមជាតិ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយាល័យបោះឆ្នោតចំនួន ២២,១៤៨ការិយាល័យ។
ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោត ថ្ងៃទី០៤ ខែមិថុនានេះ កងកម្លាំងសមត្ថកិច្ចសរុប៣ ៧,៥៣០នាក់ ត្រូវបានដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតទទាំងប្រទេស។ ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមភូមិន្ទ ១,៨៤៤នាក់៕