(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បួងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់បណ្តាញសារព័ត៌មាន Fresh News មុននេះបន្តិចថា កម្លាំងនគរបាល របស់លោកបានឃាត់ខ្លួនបុរស និងស្រ្តីសរុប២នាក់ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ខណៈពួកគេបានជិះម៉ូតូ ពាក់ស្លាកលេខវៀតណាម ចូលមកបោះឆ្នោត នៅតាមការិយាល័យក្នុងភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ឲ្យដឹងថា សកម្មជនទាំង២នាក់នេះ បានយកទូរស័ព្ទថតស្លាកលេខម៉ូតូរបស់ខ្លួន ដែលជាស្លាកលេខវៀតណាម មានគោលបំណងយកទៅបង្ហោះ ចង់បំប៉ោងព័ត៌មានថា អាជ្ញាធរ និងសមត្ថកិច្ចអនុញ្ញាតឲ្យជនជាតិវៀតណាមមកបោះឆ្នោត ដើម្បីបង្កភាពអសន្តិសុខ ដល់ការបោះឆ្នោត។
បើតាមលោកស្នងការបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង៨៖០៥នាទីព្រឹកថ្ងៃអាទិត្យនេះ នៅចំណុចសាលាបឋមសិក្សាចាន់មូល លេខការិយាល័យ០២៨៤ និង០២៨៥ ស្ថិតនៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ មានប្រជាពលរដ្ឋចំនួន០២នាក់ ជិះម៉ូតូចំនួន២គ្រឿង មកបោះឆ្នោតមានទី១៖ ឈ្មោះ រឿង ប្រាប់ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរនៅភូមិចាន់មូល ឃុំចាន់មូល ជិះម៉ូតូសេ១០០ ពណ៌ព្រឹងទុំ ពាក់ស្លាកលេខ 70-F9- 2893 ស្លាកលេខវៀតណាម ជាសមាជិករបស់គណបក្សសង្គ្រោះជាតិ ហើយបានថតស្លាកលេខម៉ូតូរបស់ខ្លួនឯង និងទី២៖ ឈ្មោះ មួន កាបែន ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា ជិះម៉ូតូ សេ១០០ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ 70-K1 17329។
បើតាមលោកស្នងការបន្ថែមថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានធ្វើការដកហូតម៉ូតូទាំង២គ្រឿងនេះ ទុកជាបណ្តោះអាសន្នហើយ រង់ចាំមានវិធានការបន្តទៀត៕