(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចថា ការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅវេលាម៉ោង៥៖០០ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ គ.ជ.ប ក៏នឹងធ្វើសន្និសីទកាសែតមួយ ដើម្បីបូកសរុបលទ្ធផលនៃសកម្មភាព ក្នុងការបោះឆ្នោតផងដែរ។
ការប្រកាសនេះ នឹងធ្វើឡើងតាមរយៈវិទ្យុជាតិ ទូរទស្សន៍ជាតិ វេបសាយរបស់ គ.ជ.ប និងទំព័រ Facebook របស់អ្នកនាំពាក្យគជប។
គិតត្រឹមម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៥០ភាគរយហើយ បានទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។ នេះបើតាម លោក ហង្ស ពុទ្ធា។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយាល័យបោះឆ្នោតចំនួន ២២,១៤៨ការិយាល័យ នៅទូទាំងប្រទេស៕