(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានចំនួនជាង ៥០% ហើយ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។

លោកបានប៉ាន់ប្រមាណថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ នឹងមានភាពប្រសើរឡើងច្រើន បើធៀបនឹងអាណត្តិមុន។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយាល័យបោះឆ្នោតចំនួន ២២,១៤៨ការិយាល័យ នៅទូទាំងប្រទេស៕