រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ មានសកម្មជនបក្សសង្គ្រោះជាតិ នៅឃុំចាន់មូល ខេត្តត្បូងឃ្មុំ ជិះម៉ូតូមានស្លាកលេខវៀតណាម ចូលមកបោះឆ្នោត ហើយទុកឲ្យបក្ខពួកម្នាក់ទៀតចាំថត បំភ្លៃថា មានវៀតណាមមកបោះឆ្នោត តែនគរបាលឃាត់ខ្លួនភ្លាមៗ
04-06-2017 11:29
(ត្បូងឃ្មុំ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើ Facebook របស់លោកនៅមុននេះថា មានសកម្មជនបក្សសង្គ្រោះជាតិ នៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជិះម៉ូតូមានស្លាកលេខវៀតណាម ចូលមកបោះឆ្នោត តែនគរបាលឃាត់ខ្លួនភ្លាមៗ ព្រមទាំងដកហូតម៉ូតូ ទុកជាបណ្តោះអាសន្នផងដែរ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «មុននេះបន្តិច សកម្មជនបក្សសង្គ្រោះជាតិនៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជិះម៉ូតូមានស្លាកលេខវៀតណាម ចូលមកបោះឆ្នោត ហើយមានសកម្មជនគ្នាគេម្នាក់ទៀត ចាំថតរូបដើម្បីយកទៅបង្ហោះវាយប្រហារថា មានយួនចូលមកបោះឆ្នោត។ តែល្បិចស្មោគគ្រោកបែបនេះ ត្រូវនគរបាលស្គាល់អ្នកជិះម៉ូតូ ព្រមទាំងបានដកហូតម៉ូតូយកមកទុកបណ្ដោះអាសន្នដើម្បីស្រាវជ្រាវ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ និងរបាយការណ៍ ដើម្បីចែកចាយជូនបណ្ដាញផ្សព្វផ្សាយ ជ្រាបជាដំណឹងជៀសវៀង បក្សសង្គ្រោះជាតិយកមកបំភ្លៃវាយប្រហាររដ្ឋាភិបាល និងគ.ជ.ប»៕