(ភ្នំពេញ)៖ បន្ទាប់ពីការិយាល័យបោះឆ្នោត បានបើកឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ, អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស និងលោកស្រី បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅការិយាល័យលេខ១៩២៩ នៅក្នុងសាលាបឋមសិក្សា ប្រជុំវង្សបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជាមួយគ្នានេះ អភិបាលខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ក៏បានអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យក្នុងខណ្ឌរបស់ខ្លួនរួចរាល់ផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយា ល័យបោះឆ្នោតចំនួន២២,១៤៨ការិយាល័យ។
ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតទី០៤ ខែមិថុនានេះ កងកម្លាំងសមត្ថកិច្ចសរុប៣៧,៥៣០នាក់ ត្រូវបានដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមភូមិន្ទ ១,៨៤៤នាក់៕