(ពោធិ៍សាត់)៖ លោក ងឹម ញ៉េង សមាជិករដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិ មណ្ឌលពោធិ៍សាត់ ត្រូវបានសមាជិកគណបក្សប្រជាជនកម្ពុជា ប្តឹងទៅ គ.ជ.ប ចំពោះករណីដែលតំណាងរាស្រ្តរូបនេះ ប្រើប្រាស់ស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ ក្នុងមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាពោធិ៍សាត់ និងជុំវិញបរិវេណ មណ្ឌលបោះឆ្នោតវិទ្យាល័យពោធិ៍សាត់។
តាមពាក្យបណ្តឹងដែលធ្វើឡើងដោយ លោក ចាប សោភ័ណ សមាជិកគណបក្សប្រជាជនកម្ពុជា ក្រុងពោធិ៍សាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ លោក ងឹម ញ៉េង បានប្រើប្រាស់រថយន្តស្លាកលេខរដ្ឋសភា៥ 2-012 ដែលមានស្លាកសញ្ញា គណបក្សសង្រ្គោះជាតិ នៅកញ្ចក់ឡានខាងក្រោយ ដើម្បីបន្លំធ្វើការឃោសនាទាក់ទាញប្រជាពលរដ្ឋ ឱ្យគាំទ្រគណបក្សខ្លួហន ដែលផ្ទុយអំពីនីតិវិធី និងបទបញ្ជាំនៃច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
លោក ចាប សោភ័ណ ក៏បានស្នើឱ្យ គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត ធ្វើការហាមឃាត់ការធ្វើចរាចររថយហន្ត ដែលមានស្លាកគណបក្សនយោបាយនេះជាបន្ទាន់ និងស្នើឱ្យផ្តន្ទាទោសទៅតាមច្បាប់។
ទោះជាយ៉ាងណាបណ្តាញព័ត៌មាន Fresh News មិនទាន់អាចទាក់ទងលោក ងឹម ញ៉េង បាននៅឡើយទេ នៅព្រឹកនេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ លោក សោភ័ណ្ឌ ឡារី ក៏ល្មើសនឹងបម្រាម គ.ជ.បផងដែរ បន្ទាប់ពីលោក បានថតរូបលើសន្លឹកឆ្នោតរបស់លោក ដែលបានគូសលើឈ្មោះគណបក្សរួចហើយ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ។ អ្នកនាំពាក្យរបស់ គ.ជ.ប លោក ហង្ស ពុទ្ធា បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹក ថ្ងៃអាទិត្យនេះថា ការប្រើប្រាស់ទូរស័ព្ទថតនៅក្នុងការិយាល័យបោះឆ្នោត (ស្ថិតក្នុងពេលកំពុងបោះឆ្នោត) គឺខុសនឹងច្បាប់កំណត់របស់ គ.ជ.ប ហើយ៕