(ពោធិ៍សាត់)៖ បន្ទាប់ពីការិយាល័យបោះឆ្នោត បានបើកឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ, អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅការិយាល័យបោះឆ្នោតលេខ០៥៩២ វត្តពាលញែក ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រួចហើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយា ល័យបោះឆ្នោតចំនួន២២,១៤៨ការិយាល័យ។
ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតទី០៤ ខែមិថុនានេះ កងកម្លាំងសមត្ថកិច្ចសរុប៣៧,៥៣០នាក់ ត្រូវបានដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមភូមិន្ទ ១,៨៤៤នាក់៕