(ឡុងដ៏)៖ ប៉ូលិសអង់គ្លេស បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់០៦នាក់ បានស្លាប់ ខណៈជនសង្ស័យជាភេរវករ០៣នាក់ទៀត ត្រូវបានបាញ់សម្លាប់បន្ទាប់ពី មានការវាយភេរវកម្មសាជាថ្មីនៅកណ្ដាលទីក្រុងឡុងដ៏ កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអង់គ្លេស នៅម៉ោងប្រមាណជា២២៖០៨នាទីយប់ (ម៉ោងនៅក្នុងទីក្រុងឡុងដ៏) មានសេចក្ដីរាយការណ៍បន្ទាន់ថាមានរថយន្ដមួយគ្រឿងបានបើក បុកហ្វូងមនុស្ស នៅឯស្ពាន London Bridge ហើយបន្ទាប់មកទៀត ប៉ូលិសក៏បានបាញ់កាំភ្លើងជាច្រើនគ្រាប់ផងដែរនៅក្នុងផ្សារ Borough Market ជាការឆ្លើយ តបនឹងអំពើចាក់មនុស្សឱ្យរបួសធ្ងន់ស្រាលជាច្រើននាក់។ ក៏ប៉ុន្តែមកទល់នឹងពេលនេះពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈក្រុម ISIS កំពុងស្ថិតនៅក្រោមការសង្ស័យ។
គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារនេះ ដែលអាជ្ញាធរអង់គ្លេសចាត់ទុកថាជាទង្វើភេរវកម្ម បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់២០នាក់រងរបួស និងកំពុង សម្រាកព្យាបាលនៅមន្ទីពេទ្យ ហើយម្យ៉ាងវិញទៀតការវាយប្រហារនេះកើតឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ ក្រោយមនុស្ស២២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម ISIS នៅក្នុងទីក្រុង Manchester។