(ក្រចេះ)៖ បន្ទាប់ពីការិយាល័យបោះឆ្នោត បានបើកឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ, អភិបាលខេត្តក្រចេះលោក ស ចំរុង និងស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅការិយាល័យ វិទ្យាល័យ ហ៊ុន សែន ក្រចេះក្រុង រួចហើយ។
សម្រាប់ដំណើរការបោះឆ្នោតទាំង៥០១ការិយាល័យនៅទូទាំងខេត្តក្រចេះ លោកឧត្តមសេនីយ៍ស្នងការ លន់ សុផាត បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោងប្រមាណ១០៖៤០នាទី ស្ថានការណ៍ទូទៅមានលក្ខណៈល្អប្រសើណាស់ មិនមានបាតុភាពណាមួយកើតឡើងនោះទេ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយា ល័យបោះឆ្នោតចំនួន២២,១៤៨ការិយាល័យ។
ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតទី០៤ ខែមិថុនានេះ កងកម្លាំងសមត្ថកិច្ចសរុប៣៧,៥៣០នាក់ ត្រូវបានដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមភូមិន្ទ ១,៨៤៤នាក់៕