(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News មុននេះថា គិតត្រឹមម៉ោងជាង១០ ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ បញ្ហាសន្តិសុខនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស បានដំណើរការ យ៉ាងល្អប្រសើរ មិនមានអ្វីកើតឡើងខុសប្រក្រតីនោះទេ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយា ល័យបោះឆ្នោតចំនួន២២,១៤៨ការិយាល័យ។
ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតទី០៤ ខែមិថុនានេះ កងកម្លាំងសមត្ថកិច្ចសរុប៣៧,៥៣០នាក់ ត្រូវបានដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមភូមិន្ទ ១,៨៤៤នាក់៕