(ភ្នំពេញ)៖ ក្រៅពីប្រជាពលរដ្ឋធម្មតា ប្រមុខគណបក្សនយោបាយទាំង១២ ដែលបានចុះឈ្មោះចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ ក៏បានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។

ខាងក្រោមនេះ គឺជាទីតាំងដែលប្រមុខគណបក្សនយោបាយទាំង១២ ដែលបានទៅបោះឆ្នោត៖

១៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ ១៦៩៧ នៅសាលាករុកោសល្យ វិក្រិត្យការ ក្រុងតាខ្មៅ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

២៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទៅបោះឆ្នោតនៅការិយាល័យលេខ ០៩៩៦ ក្នុងសាលាបឋមសិក្សាចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៣៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ទៅបោះឆ្នោតនៅការិយាល័យលេខ១២៩០ នៅសាលាវិចិត្រសិល្បៈ ក្នុងភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៤៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទៅបោះឆ្នោតនៅការិយាល័យលេខ០៩៦៥ នៅសាលារៀន វត្តដំបូកខ្ពស់ ក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៥៖ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទៅបោះឆ្នោតនៅការិយាល័យលេខ ១៣៩៣ ក្នុងវិទ្យាល័យ ហ៊ុនសែន បូរី ១០០ខ្នង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៦- លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា ទៅបោះឆ្នោតនៅការិយាល័យលេខ ០៩០៣ នៅមណ្ឌលឧត្តម ក្បែរវិមាន សុភមង្គល ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៧៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វិនស៊ិនប៉ិច យាងទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១១០៣ នៅសាលាបឋមសិក្សាមៀន ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

៨៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ០៧១៤ នៅសាលារៀន ភូមិសែសិន ក្នុងសង្កាត់អូរអំពិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

៩៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ០៥៧៩ នៅអនុវិទ្យាល័យ ខ្នាចរមាស ក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

១០៖ លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យកម្ពុជា ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត ក្នុងវិទ្យាល័យក្រគរ ស្ថិតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

១១៖ លោក ប្លាង ស៊ីន ប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទៅបោះឆ្នោតនៅការិយាល័យលេខ ០០៩៨ នៅវិទ្យាល័យ ប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។

១២៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទៅបោះឆ្នោតនៅការិយាល័យលេខ ០៥៧២ នៅសាលាបឋមសិក្សាចក ក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕