(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាព្រឹក ថ្ងៃអាទិត្យនេះថា ការប្រើប្រាស់ទូរស័ព្ទថតនៅក្នុងការិយាល័យបោះឆ្នោត (ស្ថិតក្នុងពេលកំពុងបោះឆ្នោត) គឺខុសនឹងច្បាប់កំណត់របស់ គ.ជ.ប។
ការអះអាងរបស់លោកបែបនេះធ្វើឡើង បន្ទាប់ពីសកម្មជនរបស់គណបក្សសង្រ្គោះជាតិ លោក សោភ័ណ្ឌ ឡារី បានថតរូបលើសន្លឹកឆ្នោត របស់លោក ដែលបានគូសលើឈ្មោះគណបក្សរួចហើយ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
លោក ហង្ស ពុទ្ធា បានបន្តអះអាងថា ការប្រើប្រាស់ទូរស័ព្ទថតលើសន្លឹកឆ្នោតដែលបានគូស ហើយយកទៅបង្ហោះលើបណ្តាញសង្គម Facebook គឺមានន័យថា បានចូលរួមធ្វើការឃោសនាបោះឆ្នោត, នៅចំថ្ងៃបោះឆ្នោតតែម្តង នោះគឺខុសនីតិវិធីរបស់ គ.ជ.ប។ ពាក់ព័ន្ធសកម្មជនរបស់គណបក្សសង្រ្គោះជាតិ លោក សោភ័ណ្ឌ ឡារី ខាងលើនេះ, ត្រូវបាន លោក ហង្ស ពុទ្ធា ថ្លែងឲ្យដឹងថា នឹងយកករណីនេះដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប ពិនិត្យ៕