(ភ្នំពេញ)៖ សេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្នុងចំណោមការិយាល័យបោះឆ្នោតចំនួន ២២,១៤៨ការិយាល័យ ព្រមទាំងបរិក្ខាសម្រាប់ប្រើឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ស្អែកនេះ ដែលបានរៀបចំរួលរាល់អស់ហើយនោះ មានការិយាល័យបោះឆ្នោតចំនួន ៥ការិយាល័យ ត្រូវបានរំកិលទៅកន្លែងថ្មី តែមិនឆ្ងាយពីកន្លែងចាស់នោះទេ ដោយសាររងនូវជំនន់ទឹកភ្លៀង។
បើតាមសេចក្ដីប្រកាសដដែល បានឲ្យដឹងថា គ.ជ.ប ជាអ្នកធានាថា រាល់សម្ភារ ឯកសារបោះឆ្នោត ត្រូវបានបញ្ជូន និងប្រគល់ជូនគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) មិនឲ្យលើសពី ៣៦ម៉ោង មុនថ្ងៃបោះឆ្នោតនោះឡើយ។
សេចក្ដីប្រកាសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងចំណោមការិយាល័យបោះឆ្នោតទាំង ២២,១៤៨ការិយាល័យ មានការិយាល័យបោះឆ្នោតចំនួន ៥ ទទួលរងនូវជំនន់ទឹកភ្លៀង គឺការិយាល័យលេខ ១៣៥៥ ស្ថិតក្នុងឃុំព្រែករំដេង ខេត្តកំពង់ចាម ការិយាល័យលេខ ០១៧៥ ស្ថិតក្នុងខេត្តរតនគិរី និងការិយាល័យលេខ ០១០៧ ០១០៩ ០១១០ ស្ថិតនៅក្នុងឃុំបេង ខេត្តឧត្តរមានជ័យ ត្រូវបានកែសម្រួលរំកិលចេញមិនឆ្ងាយពីទីតាំងចាស់ ដោយមានការឯកភាពពីតំណាងបក្សនយោបាយ ចូលរួមបោះឆ្នោតក្នុងឃុំខាងលើ ដើម្បីសម្រួលដល់ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ»។
ចំពោះការដឹកជញ្ជូនសម្ភារបោះឆ្នោត នៅតាមឃុំដាច់ស្រយ៉ាលមួយចំនួន ដូចជា ខេត្តបាត់ដំបង និងខេត្តកោះកុង គឺត្រូវបានដឹកតាមផ្លូវទឹកយ៉ាងមានសុវត្ថិភាព ចំណែកនៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី សម្ភារបោះឆ្នោតក៏ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រផងដែរ។
បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប សម្រាប់ការិយាល័យមួយចំនួននៅក្នុងខេត្តប៉ៃលិន ដែលជន់លិចដោយជំនន់ទឹកភ្លៀងនោះ ត្រូវបានរុះរើទៅកន្លែងថ្មីរួចរាល់ហើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ស្អែកនេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ លោក ហង្ស ពុទ្ធា បានអំពាវនាវប្រជាពលរដ្ឋទាំងដែលបានចុះឈ្មោះ ចូលរួមបោះឆ្នោតរួចរាល់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស ដែលមានចំនួន ១,៦៤៦ឃុំ-សង្កាត់។ គណបក្សនយោបាយទាំង ១២នោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសង្រ្គោះជាតិ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, គណបក្សយុវជនកម្ពុជា, គណបក្សអំណាចខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។
លោក ហង្ស ពុទ្ធា បានបន្តថា បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានចុះឈ្មោះប្រកួតប្រជែងមានចំនួនសរុប ៩៤,៥៩៥នាក់។ បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់នេះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ដែលបានចុះឈ្មោះគ្រប់ឃុំ-សង្កាត់ទាំងអស់។
សម្រាប់ការបោះឆ្នោតនេះដែរ មានអ្នកសង្កេតការណ៍ជាតិចំនួន ៧៤,៦៧១ អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣៨៤នាក់ នឹងចូលរួមតាមដានដំណើរការបោះឆ្នោតនេះ។ ក្រៅពីអ្នកសង្កេតការជាតិ និងអន្តរជាតិហើយនោះ ក៏មានភ្នាក់ងារគណបក្សនយោបាយពេញសិទ្ធិ និងបម្រុងសរុប ១០៥,៣៤៨នាក់ផងដែរ ដែលចូលរួមតាមដានការបោះឆ្នោតនៅថ្ងៃស្អែកនោះ។
ជាមួយគ្នានេះ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតទី០៤ ខែមិថុនា ស្អែកនេះ កងកម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ នឹងត្រូវដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងនោះមានកម្លាំងនគរបាលចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមរភូមិន្ទ ១,៨៤៤នាក់ផងដែរ៕