(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តហោះហើររាប់ពាន់គីឡូម៉ែត្រពីប្រទេសកូរ៉េខាងត្បូង មករាជធានីភ្នំពេញ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ។
លោក ឡុង ឌីម៉ង់ បានបង្ហោះរូបភាពនៅលើទំព័រ Facebook នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះថា លោកបានទៅមើលឈ្មោះបោះឆ្នោតរួចរាល់ហើយ។ លោក ឡុង ឌីម៉ង់ នឹងត្រូវចូលរួមបោះឆ្នោតនៅការិយាល័យសាលាវត្តបុទុម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាមួយជាលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការទូរទស្សន៍បាយន្តផងដែរ។
ការហោះហើរពីប្រទេសកូរ៉េខាងត្បូង មកកាន់រាជធានីភ្នំពេញ ត្រូវចំណាយពេលជាច្រើនម៉ោង ហើយក៏ត្រូវចំណាយថ្លៃសំបុត្រយន្តហោះទាំងទៅ និងមក គឺជាង ២ពាន់ដុល្លារឯណោះ។
ឆ្លើយនឹងសំណួរអ្នកព័ត៌មានថា តើសន្លឹកឆ្នោតមានតម្លៃបែបណា សម្រាប់លោក ឡុង ឌីម៉ង់ ទើបសម្រេចចិត្តចំណាយពេលវេលា និងថវិកាថ្លៃសំបុត្រយន្តហោះជាច្រើន ដើម្បីគូសសន្លឹកឆ្នោតមួយសន្លឹក?
លោកឯកអគ្គរាជទូតកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា សន្លឹកឆ្នោត គឺមានតម្លៃសម្រាប់ពលរដ្ឋខ្មែរគ្រប់រូបក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យ។ លោក ឡុង ឌីម៉ង់ បានចាត់ទុកសន្លឹកឆ្នោតមួយសន្លឹករបស់លោក គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ក្នុងការជ្រើសរើសយកមេដឹកនាំល្អ មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ក្នុងសង្កាត់របស់លោក។
លោក ឌីម៉ង់ បានគូសបញ្ជាក់ថា ការចំណាយពេលហោះហើរ និងតម្លៃសំបុត្រ គឺមិនអាចប្រៀបធៀបនឹងសន្លឹកឆ្នោតមួយសន្លឹកនេះបានទេ ព្រោះសន្លឹកឆ្នោតសុទ្ធសឹងកើតចេញពីឆន្ទៈរបស់ពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការជ្រើសរើសមេដឹកនាំដែលបានពេញចិត្ត៕