(សៀមរាប)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចដកហូតការគ្រប់គ្រងការប្រមូលចំណូលលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ មកគ្រប់គ្រងដោយខ្លួនឯង ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦មក បានឲ្យធ្វើមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បង្កើតបានអង្គភាពរដ្ឋមួយ (គ្រឹះស្ថានអង្គរ) ដើម្បីគ្រប់គ្រងលើការលក់ប័ណ្ណ ចូលទស្សនាអង្គរ និងសម្រេចដំឡើងថ្លៃសំបុត្រចូល ទស្សនាតំបន់អង្គរថែមទៀតផងដែរ គឺចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧មក។
បច្ចុប្បន្នប័ណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖
១៖ ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ។
២៖ ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
៣៖ ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ។
អ្វីដែលពិសេសនោះ ថវិកាដែលទទួលបានពីលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរក្នុង១សន្លឹកត្រូវដកចំនួន២ដុល្លារ បង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជា។
យោងតាមតួលេខផ្លូវការដែលគ្រឹះស្ថានអង្គរផ្តល់ជូនអង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ចាប់គិតពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរបានទិញប័ណ្ណ ចូលទស្សនារមណីដ្ឋានអង្គរ មានចំនួន១,០៩២,៣៧៧សន្លឹក កើនឡើង១២.៣០ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៦។ ចំពោះចំណូលដែលប្រមូលបាន ពីការលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០១៧នេះ មានចំនួន ៤៥,៩១៣,៦០២ដុល្លារ កើនឡើង៦៤.១៣ភាគរយ។
យោងតាមតួលេខនេះបញ្ជាក់ថា ភ្ញៀវទេសចរនៅតែសម្រុក មកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើង ខណៈចំណូលក៏ទទួលបានកាន់តែកើនឡើងផងដែរ៕