(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងភ្ជាប់បណ្តាញអគ្គិសនី សម្រេចឲ្យបានគ្រប់ភូមិស្រុក ឲ្យបានតាមគោលដៅដែលបានកំណត់នោះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអគ្គិសនី។
សូមរំលឹកថា អ្វីដែលពិសេសនោះចាប់ពីខែមីនា ឆ្នាំ២០១៧មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចុះតម្លៃការប្រើប្រាស់អគ្គិសនី៖
* សម្រាប់អ្នកដែលតជាមួយបណ្តាញជាតិ
១៖ អ្នកប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ធ្លាក់ចុះថ្លៃពី៧០០រៀលទៅ៨០០រៀល មកត្រឹមនឹងត្រូវធ្លាក់មកនូវត្រឹម៦១០រៀល។
២៖ អ្នកដែលប្រើក្រោម១០គីឡូវ៉ាត់ម៉ោង ធ្លាក់មកនូវតម្លៃ៤៨០រៀល។
៣៖ សម្រាប់អ្នកដែលប្រើប្រាស់ លើស៥០គីឡូវ៉ាត់ម៉ោង ពីមុនថ្លៃ១០០០រៀល ឬ៩០០រៀល ធ្លាក់ចុះមកនូវ៧៧០រៀល។
* សម្រាប់អ្នកដែលមិនភ្ជាប់បណ្តាញជាតិ ត្រូវធ្លាក់ចុះមកនូវ៧៩០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
* បូមទឹកធ្វើកសិកម្មប្រើប្រាស់ពេលយប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
ចំពោះបណ្តាញឯកជន ដែលដាក់នៅតំបន់ឆ្ងាយៗ ដែលមិនភ្ជាប់បណ្តាញជាតិ រដ្ឋបាលក្រោមជាតិ ក៏ដូចជាផ្នែកអគ្គិសនី បាននិងកំពុងបន្តការចរចា ឲ្យអគ្គិសនីចុះថ្លៃ។
សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០១៧នេះ អត្រាប្រជាពលរដ្ឋ ដែលមានអគ្គិសនីប្រើប្រាស់ មានចំនួនជាង៧៤ភាគរយហើយ ខណៈ២៥ភាគរយទៀត កំពុងធ្វើការអភិវឌ្ឍន៍។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ប្រភពថាមពលដោយខ្លួនឯង និងកាត់បន្ថយបាននូវការនាំចូលអគ្គិសនី ពីប្រទេសជិតខាង។
ជាស្តែងបើតាមអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការនាំចូលពីប្រទេសជិតខាង បានថយចុះពី២៥.៧៣ភាគរយ មកត្រឹមតែ២២.០៦ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០១៦ ខណៈនៅឆ្នាំ២០១៧នេះ ត្រូវបានកាត់បន្ថយមកនៅត្រឹមតែ២០ភាគរយ៕