(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា ដណ្តើមបានតំណែងជាបុគ្គលលេចធ្លោម្នាក់ ក្នុងវិស័យសារព័ត៌មានកម្ពុជា បន្ទាប់ពីលោកដាក់ដំណើរការនូវប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន Fresh News។ រឿងរ៉ាវរបស់លោកបានឆ្លុះបញ្ចាំងអំពីបំលាស់ប្តូរបែបថ្មីក្នុងរបៀបទទួលព័ត៌មាន ដែលប្រជាពលរដ្ឋកម្ពុជាទទួលបានដំណឹង និងរបៀបនៃការបញ្ជូនព័ត៌មានទៅដល់អ្នកអានទាំងឡាយ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានបរទេសដ៏ល្បីឈ្មោះ Globe ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចេញផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។
សារព័ត៌មានបរទេសល្បី Globe ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានចេញផ្សាយជាភាសាអង់គ្លេសដែលមានខ្លឹមសារបកប្រែទាំងស្រុងយ៉ាងដូច្នេះថា៖
កាលពីឆ្នាំ២០១៤ លោក លឹម ជាវុត្ថា បានច្នៃបង្កើតរបៀបថ្មីក្នុងវិស័យ សារព័ត៌មាននៅកម្ពុជា ដោយការបញ្ជូនព័ត៌មានយ៉ាងរហ័សទាន់ចិត្តដល់ប្រជាពលរដ្ឋ តាមរយៈទូរសព្ទដៃស្មាតហ្វូនរបស់ពួកគេជាភាសាខ្មែរ។
Fresh News បានចាប់កំណើតឡើងក្នុងខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ រហូតដល់ពេលនេះមាន iOS. V41 និង Android. V33 ។ លោក លឹម ជាវុត្ថា បានលើកឡើងថា បច្ចុប្បន្នសារព័ត៌មាននេះ ត្រូវបានមនុស្ស Download ចំនួនមួយលានគ្រឿង និងមានអ្នកប្រើប្រាស់ជាប្រចាំលើសកន្លះលាននាក់។ «ខ្ញុំបញ្ជូន ព័ត៌មានដល់អ្នកអានតាមរយៈទូរសព្ទដៃ» នេះជាការលើកឡើងរបស់សហគ្រិនវ័យ៣៧ឆ្នាំរូបនេះ ក្នុងបទសម្ភាសន៍មួយនៅក្នុងសណ្ឋាគារកាបូឌីយ៉ាណា ដែលស្ថិតនៅក្បែរមាត់ទន្លេ នៃរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៦កន្លងទៅនេះ។ លោកបន្ត «លោកសួរខ្ញុំថា តើធ្វើយ៉ាងណាដើម្បីឱ្យ Fresh News ទទួលបានប្រជាប្រិយភាពមែនទេ? គឺខ្ញុំផ្តល់ព័ត៌មានទាន់ហេតុការណ៍។ ខ្ញុំមានព័ត៌មានពិសេសៗសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានន័យថា ព័ត៌មានគឺរហ័សទាន់ចិត្តតែម្តង»។
បច្ចុប្បន្នសារព័ត៌មានប្រចាំថ្ងៃជាភាសាខ្មែរ ដែលនាំមុខគេនៅកម្ពុជា បានដាក់ចេញនូវ App នៃគេហទំព័រព័ត៌មានរបស់ខ្លួននៅលើទូរស័ព្ទដៃស្មានហ្វូន។ លោក លឹម ជាវុត្ថា អតីតជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលព័ត៌មានឌីអេភី ក្រោយមកលោកបានដកខ្លួន មកកាន់កាប់ព័ត៌មាន Fresh News ដោយខ្លួនឯង។ លោកជានិស្សិតបច្ចេកវិទ្យានិងគ្រប់គ្រង ក្រោយមកលោកបានធ្វើការក្នុងនាមជាអ្នកឌីហ្សាញ និងអ្នកព័ត៌មានប្រចាំទស្សនាវដ្តីភាសាខ្មែរមួយ នៅក្នុងឆ្នាំ២០០១។ លោកចាប់ផ្តើមប្រឡូកក្នុងការងារពាក់ព័ន្ធវិស័យព័ត៌មានតាំងពី២០០៧។
បន្ទាប់ពីការបែកបាក់ទាំងលោក លឹម ជាវុត្ថា និងលោក សយ សុភាព សុទ្ធតែមិនចង់លើកឡើងទាក់ទងបញ្ហាផ្ទាល់ខ្លួននេះ។
នាយកប្រតិបត្តិវ័យក្មេងរូបនេះ គ្រាន់តែចង់ធ្វើឱ្យមានភាពច្បាស់លាស់ថា អង្គភាព Fresh News ស្ថិតក្រោមការគ្រប់គ្រងរបស់លោកតែម្នាក់គត់ មិនពាក់ព័ន្ធ ជាមួយលោក សយ សុភាព វ័យ៤៥ឆ្នាំ អតីតជាប្រធានរបស់លោកនោះឡើយ ខណៈដែលអង្គភាពនេះកំពុងបោះជំហានទៅមុខជាលំដាប់។
«អ្នកទាំងពីរកាលពីមុនធ្លាប់ធ្វើការរួមគ្នា ហើយលោក សយ សុភាព មានប្រភពព័ត៌មានជាច្រើន ព្រមទាំងកាន់តួនាទីក៏ច្រើនផងដែរ» នេះជាការលើកឡើង របស់លោក ពុយ គា សាស្ត្រាចារ្យសារព័ត៌មាន និងជាអ្នកឆ្លើយឆ្លងរបស់សារព័ត៌មាន ក្យូដូរបស់ជប៉ុន ប្រចាំរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននៅតែបន្តទំនាក់ទំនង យ៉ាងជិតស្និតជាមួយលោក សយ សុភាព និងជាអ្នកប្រឹក្សាយោបល់សម្រាប់អង្គភាព Fresh News របស់លោក លឹម ជាវុត្ថា ផងដែរ។
លោក ពុយ គា បានបន្តថា «ចំណែកលោក លឹម ជាវុត្ថា ប្រៀបបានជានាវា ឬជាម៉ាស៊ីនមួយ សម្រាប់ជួយជម្រុញលោក សយ សុភាព ព្រមទាំងជួយគាំទ្រ ដល់លោក គឺអ្នកទាំងពីរជួយគ្នាទៅវិញទៅមក។ ហេតុនេះហើយបានជាវាផ្តល់លទ្ធផលយ៉ាងប្រសើរ ដោយពេលនោះមានមនុស្សជាច្រើន ចូលអានសារព័ត៌មាន ដើមអម្ពិល ហើយក្រោយមកវិវត្តន៍ឈានដល់ការបង្កើតជាវិទ្យុ និងកាសែតផងដែរ»។
ប៉ុន្តែខណៈដែលលោក សយ សុភាព ធ្វើការទទួលបានមុខមាត់តាមរយៈកញ្ចក់ទូរទស្សន៍ ធ្វើការងារមនុស្សធម៌ ព្រមទាំងសរសេរអត្ថបទ និងធ្វើបទវិភាគបម្រើ ផលប្រយោជន៍នយោបាយរបស់បុគ្គលមួយចំនួន ជាទូទៅលោកធ្វើដោយខ្លួនលោកផ្ទាល់។ ចំណែកលោក លឹម ជាវុត្ថា ពេលនោះក៏ផ្តើមសិក្សាស្រាវជ្រាវពីរបៀប ដំណើរការអង្គភាពព័ត៌មានដោយខ្លួនឯង និងរបៀបទាក់ទាញអ្នកអានឱ្យបានច្រើន ដោយធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់រដ្ឋាភិបាល ឬផលប្រយោជន៍មនុស្សជុំវិញខ្លួន។
«លោកដឹងទេ កាលពីមុនសារព័ត៌មានដើមអម្ពិល លោក សយ សុភាព ជាបុគ្គលដ៏អស្ចារ្យម្នាក់ដែលមានឯកទេសលើផ្នែកសារព័ត៌មាននេះ» នេះជាការលើកឡើង របស់លោក ពុយ គា ប្រចាំកាសែត ក្យូដូ។ លោកបន្តថា «ប៉ុន្តែបច្ចុប្បន្ន លោក វុត្ថា បានព្យាយាមជំនួសដំណែងរបស់លោក ក្នុងតួនាទីជាអ្នកឈានមុខគេក្នុង ការផ្តល់ព័ត៌មានតាមប្រព័ន្ធអ៊ីនធើណែត»។
លោក លឹម ជាវុត្ថា បានលើកឡើងថា សម្រាប់ដំណើរការ Fresh News ដំបូងឡើយកាលពីឆ្នាំ២០១៤ បណ្តាក់ទុនប្រមាណ ២០,០០០ដុល្លារអាមេរិក ជាមួយមិត្តភក្រ្តរបស់លោក គឺលោក គឹម ម៉េង ដែលមានតួនាទីជាប្រធានបច្ចេកទេសបច្ចុប្បន្ននេះ។
លោក ហ៊ុយ វណ្ណៈ មន្ត្រីរដ្ឋាភិបាល និងជាប្រធានបណ្តាញទូរទស្សន៍ក្នុងប្រទេសកម្ពុជា បានលើកឡើងតាមរយៈទូរស័ព្ទកាលពីពាក់កណ្តាលខែឧសភាកន្លងទៅ នេះថា «បន្ទាប់ពីលោក វុត្ថា ផ្តាច់ខ្លួនចេញពីលោក សយ សុភាព យើងបានជួយជម្រុញក្នុងការបង្កើតស្ថាប័នថ្មីនេះឱ្យមានភាពរឹងមាំ»។ លោកបន្តថា ជំនួយ ពេលនោះ មិនមែនក្នុងរូបភាពជាថវិកានោះទេ ប៉ុន្តែលោក គិត ម៉េង បានផ្តល់ជំនួយឧបត្ថម្ភជាសេវាកម្មខ្លះៗ តាមរយៈក្រុមហ៊ុន Ezecom ភ្នាក់ងារចែកចាយ អ៊ីនធើណែតដ៏ចំណាស់ និងធំជាងគេនៅកម្ពុជា។ លោក ហ៊ុយ វណ្ណៈ បានផ្តល់ជាការប្រឹក្សាពីរបៀបទទួលព័ត៌មាន ការបង្កើនចំនួនអ្នកអាន និងការដំណើរការ មុខជំនួញ។
លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា «លោក វុត្ថា ជាមនុស្សលឿន ឆ្លាត និងពូកែបត់បែនក្នុងមុខជំនួញ»។
ចាប់តាំងពីការចាប់ផ្តើមដំណើរការបានត្រឹមរយៈពេលបីឆ្នាំ លោក វុត្ថា បានពង្រីកប្រតិបត្តិការដោយការបញ្ជូនព័ត៌មានតាមរយៈប្រព័ន្ធអ៊ីនធើណែត ព្រមទាំងមានបុគ្គលិកជាង៨០នាក់ និងទទួលបានម្ចាស់ឧបត្ថម្ភជាច្រើនពីសំណាក់ក្រុមហ៊ុនក្នុងស្រុក។ នាយកប្រតិបត្តិវ័យក្មេងរូបនេះ ថែមទាំងអាចទំនាក់ទំនង តាមទូរស័ព្ទដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ថែមទៀតផង។
លោក ហ៊ុយ វណ្ណៈ បន្តថា «ប្រជាពលរដ្ឋកម្ពុជា គួរតែតាមដានសារព័ត៌មាន Fresh News ខ្ញុំគិតថា លោក វុត្ថា បានជ្រើសជម្រើសដ៏ត្រឹមត្រូវ ក្នុងមុខជំនួញ របស់លោក។ ជាការពិតរដ្ឋាភិបាលទំាងអស់ ត្រូវការសារព័ត៌មានដែលពួកគេអាចជឿទុកចិត្តបាន»។ បច្ចុប្បន្នមានមនុស្សប្រមាណ២លាននាក់ ដែលបាន Follow Facebook Page របស់អង្គភាពព័ត៌មាន Fresh News។
បើទោះបីជាគេហទំព័ររបស់លោក ត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់បម្រើប្រយោជន៍បក្សកាន់អំណាច តែលោក វុត្ថា បញ្ជាក់ថា «បក្សនេះ ឬបក្សនោះមិនសំខាន់ឡើយ។ ខ្ញុំគិតថាបក្សដែលមានយុទ្ធសាស្រ្តល្អ និងច្បាស់លាស់ ប្រជាពលរដ្ឋច្បាស់ជាបោះឆ្នោតឱ្យជាមិនខាន។ នេះជាការលើកឡើងរបស់អ្នកជំនួញវ័យក្មេងរូបនេះ។
លោក លឹម ជាវុត្ថា បន្តថា បំណងរបស់លោក គឺផ្តោតលើផលចំណេញផ្នែកជំនួញច្រើនជាងរឿងនយោបាយ។ លោកកត់សម្គាល់ថា ចំពោះអត្ថបទស្តីអំពី ការបែកធ្លាយ ការសន្ទនារវាងបុគ្គលបក្សប្រឆាំង ជាមួយស្រីកំណាន់ ទំនងជាជួយផ្តល់ប្រជាប្រិយភាពដល់បក្សប្រជាជន ប៉ុន្តែវាក៏ជួយបង្កើនចំនួនអ្នកអាន បន្ថែមផងដែរ។ យ៉ាងនេះក្តីរឿងជំនួញ និងនយោបាយ មិនអាចញែកឱ្យដាច់ពីគ្នាបានឡើយ មិនថាក្នុងវិស័យការងាររបស់លោក ឬគ្រប់ផ្នែកទាំងអស់ក្នុងសង្គម។
ជាឧទាហរណ៍ម្ចាស់ឧបត្ថម្ភមួយរបស់ Fresh News គឺសាលាអន្តរជាតិ Zaman ដែលមានលោកស្រី ជា សុភ័ក្រកន្នី ជាម្ចាស់សាលា ហើយលោកស្រី កូនស្រីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគររូបនីយកម្ម និងជាភរិយាលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន ព្រមទាំងជាជំនួយការផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា។ ដោយឡែកម្ចាស់ឧបត្ថម្ភធំមួយទៀតរបស់ Fresh News គឺ វីង ជាក្រុមហ៊ុនផ្ទេរប្រាក់ធំជាងគេ ដែលជាកម្មសិទ្ធរបស់មហាសេដ្ឋី គិត ម៉េង និងជាមនុស្សជំនិតរបស់បក្សប្រជាជន ដែលបានកាន់កាន់ក្រុមហ៊ុនអចលនទ្រព្យ ទូរគមនាគមន៍ និងថាមពលនៅកម្ពុជា។
លោក សយ សុភាព កំពុងបន្តប្រឹងប្រែងស្វែងរកម្ចាស់ឧបត្ថម្ភដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។ លោក សុភាព បានលើកឡើងថា ស្ថាប័នលោកអាចនឹងមានបញ្ហាដោយសារមិនអាចទប់ទល់ នឹងការចំណាយទៅលើបុគ្គលិកទាំង៨២នាក់។ លោកពិតជាឈឺក្បាលមែនទែនក្នុងការ ធ្វើយ៉ាងណាឱ្យស្ថាប័នដើមអម្ពិល បន្តដំណើរការទៅមុខ។
«ខ្ញុំព្យាយាមដើម្បីទប់ទល់ជាមួយគូប្រជែង និងដើម្បីទទួលបានម្ចាស់ឧបត្ថម្ភ។ បច្ចុប្បន្នទីផ្សារមានភាពចង្អៀតជាខ្លាំង» នេះជាការលើកឡើងរបស់លោក សយ សុភាព នៅផ្ទះវីឡាមួយដែលបានរៀបចំទៅជាការិយាល័យព័ត៌មាន មានទីតាំងស្ថិតនៅក្បែរផ្សាររុស្ស៊ី ក្នុងរាជធានីភ្នំពេញ។ លោកមិនចង់និយាយអ្វីពាក់ព័ន្ធ ជាមួយលោក លឹម ជាវុត្ថា ឬអំពី Fresh News ឡើយ។ «កុំសួរខ្ញុំ ខ្ញុំមិនចង់ពាក់ព័ន្ធអ្វីទាំងអស់ ព្រោះខ្ញុំមិនចង់រំលឹកវាឡើងវិញ»។
ខណៈដែលលោក វុត្ថា កំពុងទទួលជោគជ័យ និងក្លាយជាអ្នកជំនួញដ៏មានមោទនភាពម្នាក់ ប្រើប្រាស់រថយន្ត Audi A7 ព្រមទាំងកំពុងបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋកម្ពុជាក្នុងឆ្នាំ២០១៧នេះ លោក សយ សុភាព ដែលជាធនធានជំនាន់មុន និងមានទំនាក់ទំនងឯកជនជាមួយអ្នកមានអំណាចក្នុងប្រទេស បច្ចុប្បន្នមិនមានស្ថានភាពធូធារដូចអ្វីដែលលោកធ្លាប់មានពីមុនមកឡើយ។ លោក លឹម ជាវុត្ថា ផ្តោតទៅលើការបង្កើនចំនួនអ្នកអាន ចំណែកលោក សយ សុភាព ផ្តោតសំខាន់ទៅលើកេរ្តិ៍ដំណែលច្រើនជាង។
លោក សុភាព លើកឡើងថា លោកធ្លាប់ធ្វើជាអ្នកនៅក្រោយដំណោះស្រាយបញ្ហានយោបាយសំខាន់ៗជាច្រើន អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។ លោកបានប្រៀបធៀបកិច្ចប្រឹងប្រែងកាទូតរបស់លោកទៅនឹងលោកស្រី ពង្ស ឆីវហ្គិច ដែលបានជួយអន្តរាគមន៍ក្នុងកិច្ចចរចាសន្តិភាពរវាង អតីតព្រះរាជាព្រះនរោត្តសីហនុ ជាមួយសម្តេចហ៊ុនសែន ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងជាស្ថាបនិកអង្គការសិទ្ធមនុស្សលីកាដូ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
ដើមអម្ពិល ជាឈ្មោះយកតាមដើមអម្ពិលមួយដើម ដែលអ្នកកាសែតធ្លាប់ប្រមូលផ្តុំគ្នាធ្វើការ ក្រោមដើមឈើនោះក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជានិមិត្តរូបតែមួយគត់ ដែលមិនធ្លាប់មាន។ លោកសុភាព លើកឡើងថា ជំនាញដែលធ្វើឱ្យលោកទទួលបានប្រជាប្រិយភាពក្នុងនាមជាអ្នកសារព័ត៌មាននោះគឺ ការបកប្រែព័ត៌មាន ទៅជាភាសាអង់គ្លេស ភាពវ័យឆ្លាតក្នុងការប្រើប្រាស់សំណួរដោយប្រុងប្រយ័ត្ន ការធ្វើបទសម្ភាសន៍ផ្តាច់មុខ ប៉ុន្តែអ្នកសារព័ត៌មានបច្ចុប្បន្ន ទាមទារត្រឹមតែកុំព្យូទ័រ និងប្រព័ន្ធអ៊ីនធើណែត អាចវាយផ្តួលលោកបានយ៉ាងងាយ។
ក្នុងចំណោមអ្នកប្រកួតប្រជែងក្នុងទីផ្សារសារព័ត៌មានក្នុងពេលបច្ចុប្បន្ន ក៏មានគេហទំព័រមួយទៀត គឺថ្មីៗ ដែលបានដាក់ដំណើរការកាលពីឆ្នាំ២០១៤កន្លងទៅនេះ ជាមួយនឹងគោលដៅយ៉ាងធំ។ គេហទំព័រនេះមានពាណិជ្ជករអាមេរិកកម្ពុជាម្នាក់នៅពីក្រោយគឺ លោក Mengly Quach ជាវេជ្ជបណ្ឌិត និងជាសហគ្រិនម្នាក់ ដែលបានបើកសាលា American Intercon Institute នៅរាជធានីភ្នំពេញ ព្រមទាំងជាអ្នកវិនិយោគដ៏ធំលើផ្នែកសណ្ឋាគារ មានបំណងចង់ផ្តល់នូវ សារព័ត៌មាន ឯករាជ្យក្នុងប្រទេសកម្ពុជា ជាបួនភាសា គឺភាសាខ្មែរ អង់គ្លេស បារាំង និងជប៉ុន។ បច្ចុប្បន្នគេហទំព័រនេះ នៅដំណើរការដដែល ប៉ុន្តែលោក Quach បានដកខ្លួនចេញកាលពីដើមឆ្នាំ២០១៧នេះ។
បច្ចុប្បន្នសារព័ត៌មានរបស់ថ្មីៗ មានស្នាក់ការនៅក្នុងបន្ទប់ការិយាល័យតូចចង្អៀត ស្ថិតនៅពីក្រោយមជ្ឈមណ្ឌលកំសាន្ត និងកីឡាលីឡា ក្នុងរាជធានីភ្នំពេញ។ សហស្ថាបនិករបស់គេហទំព័រ ថ្មីៗ លោក គី សុខលីម អ្នកសារព័ត៌មានជើងចាស់ ដែលចាប់ផ្តើមការងារជាមួយកាសែតបារាំងបានលើកឡើងថា លោកត្រូវចំណាយប្រាក់១០,០០០ដុល្លារក្នុងមួយខែ ទៅលើការចំណាយផ្សេងៗ ដែលបច្ចុប្បន្នវាបានក្លាយជាការងារពេញម៉ោងរបស់លោក។
គេហទំព័រនេះចេញផ្សាយតែជាភាសាខ្មែរប៉ុណ្ណោះ មានដៃគូបីដែលបានឧបត្ថម្ភដើម្បីជាថ្នូរ នឹងការទទួលបានការផ្សព្វផ្សាយពាណិជ្ចកម្ម។ ចំណែកអ្នកចូលភាគហ៊ុនផ្សេងទៀត គឺជាអ្នកសារព័ត៌មាន។ ព័ត៌មានបែបឃោសនាលក់ផលិតផលរបស់ថ្មីៗ ត្រូវបានចេញផ្សាយដូចព័ត៌មានធម្មតា តែមានកំណត់សម្គាល់នៅចុង បញ្ចប់នៃអត្ថបទដើម្បីបញ្ជាក់ថា អត្ថបទនេះមានអ្នកឧបត្ថម្ភប្រាក់។
«ពេលខ្លះអ្នកអានរិះគន់ថា បើជាកាសែតមានវិជ្ជាជីវៈ ចុះហេតុអ្វីបានជាចេញផ្សាយការឃោសនាលក់ទំនិញ ដូចជាព័ត៌មានបែបនេះ?» នេះជាការលើកលើកឡើង របស់លោក សុខលីម នៅហាងកាហ្វេមួយក្បែរការិយាល័យព័ត៌មានរបស់លោក។
«ការពិតទៅ យើងខ្វាយខ្វល់អំពីការលើកឡើងរបស់អ្នកអាន ប៉ុន្តែបើយើងយកចិត្តទុកដាក់ទៅលើរឿងនេះខ្លាំងពេកនោះ យើងនឹងដួលរលំជាមិនខាន បើមិនធ្វើបែបនេះ យើងច្បាស់ជាស្លាប់ជាមិនខាន»។ ខណៈដែល Fresh News ផ្តល់ព័ត៌មានទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ហើយមានបុគ្គលិកជាច្រើន ធ្វើការស្រាវជ្រាវតាមអ៊ីនធើណែត ចំណែកគេហទំព័រថ្មីៗកំពុងព្យាយាមទាក់ទាញទស្សនិកជន ដោយការផ្តល់នូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ ធ្វើការផ្លាស់ប្តូរ លាយឡំព័ត៌មានជាមួយនឹងត្លុកកំប្លែង និងបទវិចារណកថា នេះជាការលើកឡើងរបស់លោក សុខលីម។
លោកបន្តថា «ព័ត៌មានខ្លះ ដែលយើងធ្វើ យើងដឹងថា វាមិនល្អ ប៉ុន្តែយើងផ្សព្វផ្សាយដើម្បីជាទីផ្សារដើម្បីទាក់ទាញអ្នកចូលមើលប៉ុណ្ណោះ។ ប្រសិនបើយើងធ្វើបន្ត ធ្វើតែព័ត៌មានល្អ គ្មានអ្នកអាននោះទេ»។
ចំណែកគេហទំព័រ សម្លេងដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ថា VOD បានដាក់ដំណើរការនូវគេហទំព័ររបស់ខ្លួនក្នុងឆ្នាំ២០១៣ ដូចនឹង Fresh News ផងដែរ ដែលបានទាក់ទាញអ្នកចូលមើលបានយ៉ាងឆាប់រហ័ស។ VOD បន្តទទួលការឧបត្ថម្ភពីបរទេស ដែលផ្តល់ឱ្យពួកគេអាចចេញផ្សាយព័ត៌មានរស៊ើប ដោយមិន ចាំបាច់បារម្ភអំពីតើពួកគេនឹងទទួលម្ចាស់ឧបត្ថម្ភក្នុងស្រុកដោយរបៀបណានោះទេ។
លោក ណុប វី ប្រធានសារព័ត៌មានប្រចាំស្ថាប័ននេះ បានលើកឡើងថា «សម្លេងប្រជាធិបតេយ្យពេលខ្លះ ចាំបាច់ត្រូវការប្រើប្រាស់មធ្យោបាយដើម្បីទាក់ទាញម្ចាស់ ឧបត្ថម្ភក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន»។ «បើទោះបីជាយើងព្យាយាមទទួលបានអ្នកចូលអានច្រើន រហូតដល់២០,០០០នាក់ជារៀងរាល់ថ្ងៃ ប៉ុន្តែយើងនៅតែមិនអាចទាក់ទាញក្រុមហ៊ុនឧបត្ថម្ភបាននៅឡើយ» នេះជាការលើកឡើងរបស់លោក វី នៅការិយាល័យ VOD នៅកណ្តាលរាជធានីភ្នំពេញ។
គេហទំព័រនេះជាទូទៅតែងតែ ជម្រុញការផ្សាយព័ត៌មាននយោបាយ ឬបញ្ហាសង្គម ដែលអាចទាក់ទាញអ្នកអានបានច្រើន ប៉ុន្តែបែរជារុញច្រានម្ចាស់ឧបត្ថម្ភចេញទៅវិញ»។ «ក្រុមហ៊ុនភាគច្រើនមានមន្ត្រីនៅពីក្រោយខ្នង ឬមានម្ចាស់ផ្ទាល់ជាបុគ្គលដែលគាំទ្របក្សកាន់អំណាច។ ពួកគេមានក្តីបារម្ភក្នុងការឧបត្ថម្ភ ទៅលើគេហទំព័រដែលផ្តល់ព័ត៌មានរសើបដូចជា VOD ប៉ុន្តែពួកគេពេញចិត្តក្នុងការឧបត្ថម្ភគេហទំព័រផ្សេងទៀតដូចជា ឌីអេភី ឬ Fresh News ជាដើម ព្រោះពួកគេដឹងថា វានឹងមិនបង្កបញ្ហាជាមួយបណ្តាមន្ត្រីផ្សេងទៀត»។
លោក វី បន្តថា «ផ្ទុយពី VOD ថ្មីៗ និងភ្នំពេញប៉ុស្តិ៍ ដែលផ្សាយជាភាសាខ្មែរ មានគោលដៅបង្ហោះព័ត៌មានប្រកបដោយឯករាជ្យ និងឆ្លុះបញ្ចាំស៊ីជម្រៅ ចំណែក Fresh News អាចធ្វើបានត្រឹមតែជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះ»។ ពួកគេគ្មានអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈឡើយ ប៉ុន្តែគេមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយមន្ត្រីប៉ូលីស យោធា និងមន្ត្រីរដ្ឋាភិបាល»។
ប៉ុន្តែនេះជាគន្លឹះដ៏មានប្រសិទ្ធភាពសម្រាប់លោក វុត្ថា ហើយលោកបានត្រៀមជាស្រេចក្នុងការអភិវឌ្ឍន៍បន្ត។ Fresh News កំពុងផលិតវីដេអូបន្ថែម។ Fresh News TV ដែលបានកំពុងដំណើរការ ដូចប៉ុស្តិ៍ទូរទស្សន៍ Online ផងដែរ។ ជាមួយនឹងចំនួនទស្សនិកជន កាន់តែកើនឡើងជាលំដាប់ លោក វុត្ថា ក៏កំពុងត្រៀមពង្រីកអាជីកម្មសារព័ត៌មានរបស់ខ្លួនបន្ថែមទៀតផងដែរ។
លោក ហ៊ុយ វណ្ណៈលើកឡើងថា «យើងមិនអាចទស្សន៍ទាយអនាគតបានទេ ប៉ុន្តែក្នុងនាមអ្នកជាអ្នកជំនួញម្នាក់ ចាំត្រូវតែមានលក្ខណៈពិសេសខុសដាច់ដោយ ឡែកពីគេ»។ លោកបន្តថា «Fresh News មានសក្តានុពលដូចជា ក្រុមហ៊ុនយក្ស Alibaba របស់ចិនផងដែរ នេះហើយជាគោលដៅរបស់លោក លឹម ជាវុត្ថា»៕
ចេញផ្សាយដោយសារព័ត៌មានបរទេសដ៏ល្បី Globe ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧
ដោយ៖ លោក Colin Meyn និងលោក Ben Sokhean.
លោកអ្នកអាចចុចអានព័ត៌មានដើមរបស់សារព័ត៌មាន Globe,
សូមចុចទីនេះ