(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ព្រមានថា ប្រសិនបើអង្គការ ឬបុគ្គលណា ដែលអុកឡុកស្ថានការណ៍អំពី លទ្ធផលបោះឆ្នោត នឹងទទួលទោសតាមច្បាប់ នេះបើយោងតាមការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តី ស ខេង នៅចំពោះមុខអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងមហាផ្ទៃ នាវេលាថ្ងៃត្រង់ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
ឆ្លើយនឹងសំណួរបស់ក្រុមអ្នកសារព័ត៌មាន សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «យើងជាប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែត្រូវតែគោរពច្បាប់។ ខ្ញុំសង្ឃឹមថា នឹងមិនមានបញ្ហានោះកើតឡើងទេ ប៉ុន្តែអ្នកដែលបង្កើតបញ្ហា ឬអង្គការណាបង្កើតបញ្ហា រំលោភលើច្បាប់អង្គការ ឬក៏បុគ្គលនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់»។
សូមបញ្ជាក់ថា បទពិសោធន៍កន្លងមក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ គណបក្សប្រឆាំង បានធ្វើបាតុកម្មជាបន្តបន្ទាប់ ដោយមិន ទទួលស្គាល់ លទ្ធផលបោះឆ្នោត។ ជាមួយគ្នានេះ ក៏មានអង្គការសង្គមស៊ីវិលមួយចំនួន បានចោទថា ការរៀបចំការបោះឆ្នោតពេលនោះ មានភាពមិនប្រក្រតី ជាហេតុធ្វើឱ្យភាពជាប់គាំងនយោបាយ អូសអន្លាយរយៈពេល១ឆ្នាំ។