(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ធំៗចំនួន៣រួមមាន៖ អង្គការ ICAPP, CAPDI និង CDI-International ដឹកនាំដោយលោក អង់ដ្រេ ប៉ាស្ត្រាណា អារ៉ង់ហ្គោ អតីតប្រធានាធិបតីកូឡុំប៊ី។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបថា លោក អារ៉ង់ហ្គោ បានជម្រាបជូនសម្តេចថា នេះជាលើកទី៣ហើយ ដែលលោកបានមកកាន់កម្ពុជា។ លោកថា ដំណើរទស្សនកិច្ចនាពេលនេះ គឺមានគោលការណ៍ចំនួន៣ ទី១គឺ តំណាងឲ្យប្រទេសកូឡុំប៊ី ដើម្បីមកសិក្សាពីបទពិសោធន៍អំពីកម្ពុជា ដើម្បីយកទៅអនុវត្តន៍នៅប្រទេសកូឡុំប៊ី, ទី២ ដើម្បីចូលរួមសង្កេតការណ៍ ពីការបោះឆ្នោតនៅកម្ពុជា ដើម្បីមើល និងទី៣ ដើម្បីរៀនពីការបោះឆ្នោតរបស់កម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។
ប្រធានប្រតិភូ បានបញ្ជាក់ថា កាលពី២០ឆ្នាំមុន កម្ពុជាបានទទួលការជួយឧបត្ថម្ភពីអាជ្ញាធរជាតិបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNTAC ហើយពេលនេះ គឺពិតជាមានសារសំខាន់ណាស់ គឺលោកមករៀន និងពិនិត្យការបោះឆ្នោតដែលកម្ពុជា រៀបចំឡើងដោយខ្លួនឯងតែម្តង។ លោកថា មានបំណងចង់យកបទពិសោធន៍ នូវអ្វីដែលរៀនពីកម្ពុជានេះ ទៅចែករំលែកដើម្បីជាការលើកស្ទួយដល់លទ្ធិប្រជាធិបតេយ្យទូទាំងពិភពលោក។
នៅក្នុងឱកាសនេះដែរលោក វិជ័យ ជូលី តំណាងអង្គការ ICAPP បានជម្រាបជូនសម្តេចតេជោ និងអង្គពិធីទាំងមូលថា លោកបានចុះពីយន្តហោះ កាលពីថ្ងៃម្សិលមិញ ហើយលោកបានឃើញគណបក្សនយោបាយជាច្រើន បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត ហើយលោកបានសេចក្តីរីករាយណាស់ ដែលសង្កេតឃើញថា យុទ្ធនាការឃោសនាបោះឆ្នោត ជាពិសេសថ្ងៃចុងក្រោយនេះ បានប្រព្រឹត្តិទៅយ៉ាងល្អ ហើយលោកក៏បានសម្តែងភាពរីករាយ ដែលកម្ពុជាកំពុងតែជ្រោងទង់ប្រជាធិបតេយ្យឆ្ពោះទៅមុខ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ ដែលបានមកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត ស្អែកនេះ។ សម្ដេចបញ្ជាក់ថា ការដែលកម្ពុជាអញ្ជើញគណប្រតិភូទាំងអស់ ចូលរួមសង្កេតការណ៍នេះ គឺដើម្បីធ្វើយ៉ាងណា ឲ្យបានឃើញនូវភាពជាក់ស្ដែង អំពីដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ ហើយការបោះឆ្នោតស្អែកនេះ គឺបានទទួលជំនួយឧបត្ថម្ភពីសហគមអឺរ៉ុប និងប្រទេសជប៉ុនទាំងផ្នែកសម្ភារ និងបច្ចេកទេស៕