(ភ្នំពេញ)៖ លោក ស សុខា ក្នុងនាមជាអុនប្រធានសហភាពសហព័ន្ធយុវកម្ពុជា និងភរិយា បានដឹកនាំក្រុមយុវជន ទៅបរិច្ចាគឈាម នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ដើម្បីជួយដល់ជនរងគ្រោះដែលត្រូវការឈាម និងជនរងគ្រោះដែលត្រូវការ សង្រ្គោះបន្ទាន់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ។ សកម្មភាពមនុស្សធម៌ខាងលើនេះ ត្រូវបានធ្វើឡើងចំថ្ងៃខួបកំណើត របស់លោកផ្ទាល់តែម្តង។
នៅក្នុងឱកាសនោះលោក ស សុខា និងភរិយា បានថ្លែងអំណរគុណដល់ក្រុមយុវជនទាំងអស់ និងក្រុមគ្រូពេទ្យដែលបានចូលរួម ជួយបរិច្ចាគ និងជួយសង្រ្គោះដល់ជនរងគ្រោះទាំងអស់ដែលត្រូវការឈាមជាចាំបាច់។
បើតាមលោក សែម គន្ធា បានឲ្យដឹងថា ការបរិច្ចាគឈាមខាងលើនេះ គឺបានផ្តល់ផលប្រយោជន៍ជាច្រើន រួមមាន ជួយដល់អ្នកជំងឺត្រូវការឈាមបន្ទាន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍, ស្រ្តីឆ្លងទន្លេ, ជំងឺរុំាវៃ (ឈាងឈាម ឬខ្សោយតំរងនោម), ជួយដល់កុមារត្រូវបញ្ចូលឈាមជាប្រចាំ, អ្នកត្រូវវះកាត់ធ្ងន់ធ្ងរ និងអ្នកគ្រោះថ្នាក់ដោយសារគ្រាន់មីនជាដើម។
ក្រៅពីនោះការបរិច្ចាគឈាម ជួយការផ្លាស់ប្តូរ គ្រប់ឈាមចាស់ ជួយឲ្យកោសិកាថ្មីឆាប់លូតលាស់ (បង្កើតគ្រាប់ឈាមថ្មី)ផងដែរ។ ជាមួយគ្នានេះ លោក ស សុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមយុវជនគួរចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះ ជីវិតពលរដ្ឋ ដែលត្រូវការឈាមជាចាំបាច់ ហើយការបរិច្ចាគឈាមនេះ មិនមានគ្រោះថ្នាក់ដល់សុខភាពនោះទេ មានន័យថា ពេលគ្រូពេទ្យមើលទៅឃើញថា អាចបរិច្ចាគបាន នោះនឹងអនុញ្ញាត តែបើពិនិត្យទៅមិនអាចបរិច្ចាគបាន ក៏គ្រូពេទ្យមិនអនុញ្ញាតឲ្យដែរ៕