(ត្បូងឃ្មុំ)៖ លោកអនុសេនីយ៍ទោ សេង សុខកែម នាយប៉ុស្តិ៍នគរបាលវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានពលីជិវិតក្នុងជន្មាយុ៤៥ឆ្នាំ នៅម៉ោង១០យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងខណៈកំពុងដឹកនាំសហការី ចេញល្បាតនៅភូមិសាស្រ្ត ក៏ត្រូវជនល្មើសកាប់ផ្តាច់បំពងក និងមុខចំនួន២ដាវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីធ្វើសកម្មភាពកាប់លើលោកនាយប៉ុស្តិ៍រួច ជនល្មើសក៏ត្រូវបានកម្លាំងនគរបាល ដែលចុះល្បាត ចាប់ខ្លួនភ្លាមៗផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីកាប់សម្លាប់ មេប៉ុស្តិ៍នគរបាលរូបនេះ គឺជាករណីគំនុំសងសឹក ព្រោះជនល្មើស និងសមាជិកគ្រួសារជនល្មើសធ្លាប់ត្រូវបាន ប៉ុស្តិ៍នគរបាលឃាត់ខ្លួនមកអប់រំ២លើករួចមកហើយ។ ដោយលើកទី១ ជនល្មើសបានផឹកស្រាស្រវឹង រករឿងវាយប្រពន្ធកូន ត្រូវបានប្រពន្ធប្តឹង ពេលនោះត្រូវមន្ត្រីប៉ុស្តិ៍ឃាត់ខ្លួន នាំមកអប់រំ បន្ទាប់ពីមានការធានាពីឪពុកម្តាយ និងប្រពន្ធកូន ទើបអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកលើកទី២ កូនរបស់ជនល្មើសបានបង្ករឿងវាយគេ ក៏ត្រូវនគរបាលប៉ុស្តិ៍ឃាត់ខ្លួន ប៉ុន្តែដោយមានការធានា ដឹងលឺពីអាជ្ញាធរភូមិឃុំ ទើបសម្របសម្រួលសងជំងឺចិត្តដល់ជនរងគ្រោះ កូនជនល្មើសក៏បានត្រឡប់ទៅផ្ទះវិញ។
លោកស្នងការបានបន្ថែមទៀតថា នៅយប់មិញនេះ ពេលមេប៉ុស្តិ៍ លោក សេង សុខកែម ដឹកនាំសហការីចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង ដោយលោកមេប៉ុស្តិ៍ជិះម្នាក់ឯង និងសហការីជិះគ្នា២នាក់នោះ ស្រាប់តែជនល្មើសលបកាប់ជនរងគ្រោះចំបំពង់ក និងមុខ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយជនសង្ស័យក៏ត្រូវសមត្ថកិច្ចផ្សេងទៀត ចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ករណីនេះជាករណីឃាតកម្មសុទ្ធសាធ មិនមានពាក់ព័ន្ធរឿងនយោបាយនោះទេ។ លោកបន្ថែមថា ដោយមានការសំណូមពរពីក្រុមគ្រួសារ សពរបស់លោកនាយប៉ុស្តិ៍ ត្រូវបានដឹកយកទៅកាន់ ស្រុកកំណើត នៅភូមិស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងត្រូវធ្វើពិធីបញ្ចុះសពនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់សប្បុរជន មេត្តាជួយដល់គ្រួសារសព លោកអនុសេនីយ៍ទោ សេង សុខកែម នាយប៉ុស្តិ៍នគរបាលវាលម្លូរ ដែលបានពាលីជីវិតក្នុងពេលបំពេញការងារផង និងសូមថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ដែលបានជួយឧបត្ថម្ភ ដល់ពិធីបុណ្យសព របស់នាយប៉ុស្តិ៍នគរបាលវាលម្លូរនេះភ្លាមៗផងដែរ។
លោកស្នងការបញ្ជាក់ទៀតថា ដោយសាររយៈពេល២ថ្ងៃនេះ ចំពេលកងកម្លាំងត្រូវចូលរួមរក្សាសន្តិសុខ និងការពារការិយាល័យបោះឆ្នោតនោះ លោកសូមអភ័យទោសចំពោះការមិនបានចូលរួម ជូនដំណើរសពលោកមេប៉ុស្តិ៍ជាលើកចុងក្រោយ ប៉ុន្តែនៅថ្ងៃបុណ្យ៧ថ្ងៃ លោកនឹងឈរជាអ្នករៀបចំបុណ្យដោយផ្ទាល់តែម្តង៕