(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន! ជាមួយនរណាបាន ជាមួយមេទ័ពនគរទេវតាពិតជាគ្មាននរណាអាចយកឈ្នះ លើគណបក្សប្រជាជនកម្ពុជាបានឡើយ! សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាង ២០ម៉ឺននាក់ នៅរាជធានីភ្នំពេញ បានស្ម័គ្រចិត្តចូលរួមដង្ហែរក្បួនបិទបញ្ចប់ ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៧ ដឹកនាំដោយមេទ័ពនគរទេវតា សម្តេចតេជោ ហ៊ុន សែន។
ជាក្បួនដង្ហែរឃោសនាបោះឆ្នោតដែលធំជាងគេលើកទី១ នៅក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតនៅកម្ពុជា និងជាលើកទី១ ដែលមេទ័ពនគរទេវតាដែលមាន បទពិសោធគ្រប់គ្រងដឹកនាំប្រទេសដ៏យូរជាងគេនេះ បានចេញដឹកនាំក្បួនដើម្បីលើកទឹកចិត្ត សមាជិកសមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សជាង ៥ លាននាក់នៅទូទាំងប្រទេសកម្ពុជា។ ចំនួនដ៏ច្រើន សម្បើមនៃការគាំទ្រនេះឆ្លុះបញ្ចាំងឱ្យឃើញថា គណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រង និងដឹកនាំប្រទេសកម្ពុជាជាង ៣៨ ឆ្នាំមកនេះ ពិតជាបានដើរនៅលើផ្លូវត្រូវ ផ្តល់ និងឆ្លើយតបទៅតាមអ្វីដែលប្រជាពលរដ្ឋភាគច្រើនចង់បាន និងត្រូវការ។ បងប្អូនប្រជាពលរដ្ឋ ក៏បានសម្រេចផ្តល់ការគាំទ្របន្តទៀត ដល់គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេស ថែរក្សាសន្តិភាព ដែលមានសម្រាប់បន្តការអភិវឌ្ឍ។
ក្បួនឃោសនាដ៏ធំសម្បើម អ្នកចូលរួមជាង ២០ ម៉ឺននាក់ បានហែរកាត់ទីក្រុងភ្នំពេញរាប់ម៉ោង ក្នុងទម្រង់ផ្លូវហែរព្រឹកមិញ ចំនួននេះបើពន្លាតទាំងអស់ត្រូវគេ ប៉ាន់ស្មានថា ក្បួនឃោសនាបក្សប្រជាជនកម្ពុជា មានប្រវែងប្រមាណ៣០គឺឡូម៉ែត្រ។ ក្បួនដង្ហែរខ្នាតយក្សនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និងពីលើអគារស្នាក់នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ដែលមហាក្បួនឃោសនាបានឆ្លងកាត់។
សារសំខាន់ៗជាច្រើនត្រូវបានមេទ័ពនគរទេវតា បញ្ជូនទៅកាន់សមាជិក សមាជិកា និងអ្នកគាំទ្ររបស់ខ្លួនចាប់តាំងទីតាំងជួបជុំនៅផ្លូវ ៦០ ម៉ែត្រ និងជាហូរហែរនៅតាមដងមហាវិថី ជុំវិញសមិទ្ធផលសម្រេចបាន ការការពារថែរក្សាសន្តិភាពដែលមានសម្រាប់បន្តការអភិវឌ្ឍ និងការទប់ស្កាត់ការប៉ុនប៉ងដោយ ក្រុមបក្សប្រឆាំងក្នុងការបង្កចលាចល និងទាញកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី។ ពលរដ្ឋបានស្វាគមន៍វត្តមានសម្តេច ហ៊ុន សែន និងបានផ្តល់នូវការជឿជាក់កាន់តែខ្លាំង លើការដឹកនាំរបស់គណបក្ស និងត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ប្រទេសឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងថែមទៀត។
តាមពិតទៅបើប្រៀបធៀបគ្នា ក្បួនឃោសនាបក្សប្រជាជនកម្ពុជាកាលពីព្រឹកមិញ បានស៊ីដាច់ក្បួនឃោសនាទម្ងន់ស្រាលរបស់បក្សប្រឆាំងនៅល្ងាចថ្ងៃទី២ មិថុនា នេះ ព្រោះបក្សប្រឆាំងមិនអាចរកមនុស្សឱ្យគ្រប់ ៥ ម៉ឺននាក់តាមការប្រកាសរបស់ខ្លួនឡើយ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ទៅគណបក្សសង្គ្រោះជាតិ ថាមិនត្រូវកៀងគរសកម្មជនបក្សខ្លួន មកពីខេត្តដទៃមកជួយហែរការឃោសនានៅរាជធានីភ្នំពេញ ខុសពីកិច្ចព្រមព្រៀងជាមួយអាជ្ញាធររាជធានីភ្នំពេញឡើយ។
តាមពិត បក្សប្រឆាំងពុំគួរលេងល្បែងឆ្ពិនភ្នែក ដូច្នេះលើការបំប៉ោងចំនួនអ្នកចូលរួមឡើយ ហើយក៏គួរបែងចែកឱ្យច្បាស់ រវាងអ្នកចូលរួមពិត និងរូបភាពចូលរួមសន្មតក្រោយពីស្ទះចរាចរណ៍ ខណៈជារឿយៗក្បួនហែរឃោសនា របស់បក្សប្រឆាំងភាគច្រើន គ្មានសណ្តាប់ធ្នាប់ និងបង្កការថ្នាំងថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងទៀត។ ទោះយ៉ាងណា ក្បួនឃោសនាខ្នាតយក្សរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ពិតជាបានអង្រួនដួងចិត្តប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យដឹងច្បាស់ថាគណបក្សប្រជាជនកម្ពុជា មានភាពចាស់ទុំនយោបាយ និងមានធនធានមនុស្សហូរហៀរ ជាចលករដ៏មានថាមពល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យសម្បូណ៌រុងរឿង។
រយៈពេល ១៤ ថ្ងៃនៃការឃោសនាបោះឆ្នោតក្រោមប្រឹក្សាឃុំសង្កាត់ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា និងបញ្ចប់នៅថ្ងៃទី២ ខែមិថុនានេះ រាស្ត្រទូទាំងនគរបានមើលឃើញថាទាំងកម្មវិធីនយោបាយ ដែលបានតាក់តែងឈរលើតថភាពពិត និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសន្ទុះនៃការគាំទ្រយ៉ាងច្រើនក្រាស់ក្រែល នៅគ្រប់ចនរកល្ហកនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនពិតជាបានវៃបំបែកឆ្នាំងបាយ របស់អ្នកនយោបាយឱកាសនិយមមួយចំនួន និងវៃបំបែកការសន្យាខ្យល់របស់គណបក្សប្រឆាំង ព្រមទាំងបានរួមសាមគ្គីកម្លាំងខ្មែរតែមួយ ដើម្បីត្រៀមការពារការប៉ុនប៉ងទាញកម្ពុជា ចូលក្នុងសង្គ្រាមនិងបដិវត្តន៍ពណ៌ ហើយបានឈរជាបង្គោលយ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន។ ប្រជារាស្ត្រខ្មែរបានត្រៀមខ្លួនរួចជាស្រេច ហើយក្នុងការជ្រើសរើសយកទេវតាតំណាងសន្តិភាព និងការអភិវឌ្ឍនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕
ដោយ៖ ចៅចាក់ស្មុក