(បាត់ដំបង)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ជាម ច័ន្ទ សោភ័ណ សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនបក្សខេត្ត និងជាប្រធានក្រុមការងារ CPP ចុះជួយសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានដឹកក្បួនដង្ហែយុវជនបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៅសង្កាត់ព្រែកព្រះស្តេច និងក្រុងបាត់ដំបង ដោយមានការចូលរួមពីយុវជនជាសមាជិក សមាជិកាបក្ស ប្រមាណជាង៣ពាន់នាក់។
ក្នុងពិធីបិទយុទ្ធនាការឃោសនា រកសម្លេងឆ្នោតនេះ លោក ជាម ច័ន្ទសោភ័ណ បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ CPP រហូតដល់មូលដ្ឋាន មានគោលនយោបាយដឹកនាំច្បាស់លាស់ត្រឹមត្រូវ ធ្វើអ្វីៗគិតប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ តាមរយៈបម្រើសេវា កសាងនិងអភិវឌ្ឍន៍លើគ្រប់វិស័យតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដល់បច្ចុប្បន្ន។
លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា លោកនិងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត តែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជួយដោះស្រាយកង្វល់ផ្សេងៗ និងជួយជាអំណោយមនុស្សធម៌ដល់ក្មេងកំព្រា ចាស់ជរា ស្រ្តីមេម៉ាយជាដើម។
បន្ទាប់ពីការជួបជុំ សមាជិក សមាជិកាយុវជនរបស់គណបក្សប្រជាជន ក្នុងថ្ងៃបិទឃោសនារកសម្លេងឆ្នោតរួចរាល់ លោកបានដង្ហែក្បួនស្រែកជ័យឃោស ជាថ្ងៃចុងក្រោយនៅក្នុងក្រុងបាត់ដំបង។
នៅក្នុងពិធីដង្ហែរក្បួនបិទយុទ្ធនាការឃោសនានេះ សមាជិកទាំងអស់បានស្រែកប្តេជ្ញាចិត្តថា ពួកគាត់និងប្រជាពលរដ្ឋ បាននាំគ្នាគាំទ្រ និងទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នាពេលខាងមុខនេះ ដើម្បីបន្តដឹកនាំបម្រើឲ្យកាន់តែល្អថែមទៀត៕