(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញមកទាត់ចោលទាំងស្រុងនូវសម្តីរបស់លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលបានថ្លែងថា នឹងរក្សាទុកតំណែងឧបនាយករដ្ឋមន្រ្តី ជូនសម្តេច ស ខេង នៅពេលគណបក្សប្រឆាំងនេះឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។ ខុទ្ទកាល័យសម្តេច ស ខេង បានចាត់ទុកការលើកឡើងរបស់ លោក គង់ គាំ គឺជាប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចក្រឡាហោម ស ខេង។
ការចេញមកទាត់ចោលសម្តីរបស់លោក គង់ គាំ ពីខុទ្ទការល័យសម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីលោក គង់ គាំ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា បើគណបក្សសង្រ្គោះជាតិឈ្នះឆ្នាំ២០១៨ ដឹកនាំរាជរដ្ឋាភិបាលធ្វើនាយករដ្ឋមន្រ្តី ទុកសម្តេចក្រឡាហោម ធ្វើឧបនាយករដ្ឋមន្រ្តីដដែល តែសង្រ្គោះជាតិធ្វើរដ្ឋមន្រ្តីក្រសួងផ្ទៃ។
ក្នុងសេចក្តីប្រកាសព័ត៌មានធ្វើឡើងនៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានចាត់ទុកសម្តីរបស់លោក គង់ គាំ ជាសម្តីបង្កប់នូវគំនិតទុច្ចរិត និងជាការឃោសនាបោកប្រាស បន្លំយកឈ្មោះ សម្តេចក្រឡាហោម ស ខេង ទៅប្រើប្រាស់បង្កឲ្យមានការភ័ន្តច្រឡំ ក្នុងគោលបំណងកេងចំណេញនយោបាយ ដើម្បីទាក់ទាញសំឡេងឆ្នោតប៉ុណ្ណោះ។
ខុទ្ទកាល័យសម្តេច ស ខេង បានចាត់ទុកសម្តីនេះ គឺជាការប្រមាថធ្ងន់ធ្ងរលើកិត្តិយសសម្តេចក្រឡាហោម ស ខេង។ «សម្តីរបស់លោក គង់ គាំ ក៏ជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចក្រឡាហោម ស ខេង ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលតែងទទួលបាននូវការគោរពស្រឡាញ់ពីសំណាក់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់ក្នុងសង្គម»។
ខុទ្ទកាល័យសម្តេច ស ខេង ក៏បានអំពាវនាវដល់សាធារណជនទាំងអស់កុំឲ្យចាញ់បោកឧបាយកលដ៏ពិសពុលបម្រើមហិច្ឆតាផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយរបស់លោក គង់ គាំ និងគណបក្សសង្រ្គោះជាតិ៕