(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងយ៉ាងច្បាស់ៗថា គណបក្សប្រជាជនដ៏ខ្លាំងក្លា និងថ្លៃថ្នូរ ដែលមានសមាជិក៥លាននាក់ បានអនុវត្តយ៉ាង ត្រឹមត្រូវតាមច្បាប់ និងនីតិវិធីតាមច្បាប់បោះឆ្នោត។ សម្តេចតេជោបន្តថ្លែងថា គុណធម៌ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញឱ្យឃើញ ពីភាពចាស់ទុំ យើងមិនបានបង្ហាញនូវអាកប្បកិរិយាទំនើង ឬជម្លោះណាមួយ នេះគឺជាមោទនភាពរបស់បក្សទាំងមូល និងថ្នាក់ដឹកនាំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ខណៈសម្តេចតេជោ ដឹកនាំអ្នកគាំទ្របក្សប្រជាជនកម្ពុជាដ៏ធំសម្បើមពី១៥ម៉ឺននាក់ រហូតដល់២០ម៉ឺននាក់ ដើម្បីធ្វើយុទ្ធនាការឃោសនា រកសម្លេងឆ្នោតថ្ងៃបិទបញ្ចប់ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។
ថ្លែងបញ្ជាក់ឲ្យដឹងនៅចំពោះមុខ សមាជិក សមាជិកាជិត២០ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែង យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជាដ៏ខ្លាំងក្លា និងថ្លៃថ្នូរបស់យើង ដែលមានសមាជិក សមាជិកា ជាង៥លាននាក់ បានអនុវត្តយ៉ាងត្រឹមត្រូវនូវបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ហើយបញ្ជៀសបាននូវ ហិង្សាទាំងឡាយ ដែលវាជាការបារម្ភសម្រាប់ប្រជាពលរដ្ឋ។ អរគុណណាស់ជាមួយនឹងការចូលរួមយ៉ាងដូច្នេះ គុណធម៌ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញពីភាពចាស់ទុំ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម យើងមិនបានបង្ហាញនូវអាកប្បកិរិយាជាក្មេងទំនើង ជាអ្នកទំនើង ក្នុងជម្លោះណាមួយ នេះពិតជា មោទនភាព សម្រាប់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់»។
បន្ថែមពីលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យសមាជិកគណបក្ស ប្រជាជនកម្ពុជារក្សាឱ្យបាននូវសេចក្តីថ្លែងថ្នូរ ទៅទៀត កុំឱ្យដូចគណបក្សដទៃទៀត និងគោរពច្បាប់ទាំងអស់គ្នា៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ៖