(កំពត)៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ លោក នៃ ប៉េណា ប្រធានគណៈត្រួតពិនិត្យ និងជាសមាជិកគណៈអចិន្ត្រៃ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពត អមដំណើរដោយ លោក ចាន់ ចេស្តា អភិបាលខេត្ត ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា និងប្រជាពលរដ្ឋ អ្នកគាំទ្រ ប្រមាណ១៥០០០នាក់ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃចុងក្រោយ។

ក្នុង​ការ​ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនា​​បោះឆ្នោត​ឃុំ​សង្កាត់​អាណា​ត្តិ​ទី៤នេះ ​ចេញដំណើរ​ពី​កន្លែង​ប្រមូល​ផ្តុំ ​នៅ​រង្វង់​មូល​ធុរ៉េ​ន ​ក្នុង​ក្រុង​កំពត ​ដង្ហែ​ក្បួន​ឈ្ពោះ​ទៅកាន់ ​ស្រុក​កំពង់ត្រាច ​ដោយ​ឆ្លងកាត់​ខេត្ត​កែប ​ហើយ​ចូល​ទៅ​ស្រុក​បន្ទាយមាស ​ចេញពី​បន្ទាយមាស​បន្ត​ទៅ​ស្រុក​អង្គ​ជ័យ ​ចេញពី​ស្រុក​អង្គរជ័យ ​ចូល​ទៅ​ស្រុក​ឈូក ​ទើប​បត់​ចូក​មក​ក្រុង​កំពត ​ហើយ​រំសាយ​កន្លែង​ដើម​វិញ ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៣៣​, ​៣១ ​និង​លេខ៣​។  ​​
​​​លោក ​ចាន់ ​ចេស្តា ​មាន​សេចក្តី​រី​រាយ​ជា​ខ្លាំង ​ពេល​ឃើញ​សមាជិក​របស់​បក្ស ​និង​បងប្អូន​ប្រជាពលរដ្ឋ ​បាន​មក​ចូលរួម​គាំទ្រ​ដង្ហែ​បក្ស​ច្រើនហួស​ការ​រំពឹង​ទុក​។

សូមជម្រាប​ថា ​នៅ​តាម​មូលដ្ឋាន​ឯនោះ​វិញ ​ក៏​មាន​សមាជិក ​និង​អ្នកគាំទ្រ ​ឈរ​ចាំ​អបអរ​តាម​ដូង​ផ្លូវ ​និង​នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​ផង​ដែរ​រង់ចាំ ​អបអរសាទរ​ក្បួនដង្ហែ ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​។ ​តាម​ប្រជាពលរដ្ឋ ​ដែល​មក​ចូលរួម​ដង្ហែ​ខាងលើ ​បាន​ប្រាប់ឲ្យដឹង​ថា ​ពួកគាត់​សប្បាយចិត្ត​ណាស់ ​ដែល​ឃើញ​អ្នកគាំទ្រ​បក្ស​មាន​ចំនួន​ច្រើន​។ ​ពេល​ក្បួន​បាន​ចាប់ផ្តើម​ចេញដំណើរ ​គេ​សង្កេតឃើញ​រថយន្ត​តូច ​រថយន្ត​ធំ​ជាច្រើន​គ្រឿង ​ត្រូវ​បាន​បើក​នាំមុខ​ដង្ហែក្បួន  ​និង​មាន​ម៉ូតូ ​ម៉ូតូ​កង់​បី​អម​ពីក្រោយ​យ៉ាងច្រើន​បន្តកន្ទុយ​គ្នា​រាប់​សិប​គីឡូម៉ែត្រ​៕