(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាចនៅកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានរិះគន់ជាថ្មីដល់ប្រទេសមហាអំណាច សហរដ្ឋអាមេរិក។ លោកបានថ្លែងថា សហរដ្ឋអាមេរិកតែងមានការឈឺចាប់នឹងប្រទេសដទៃលូកលាន់ ដល់កិច្ចការផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែប្រទេស ប្រជាធិបតេយ្យមួយនេះ បែរជាចូលចិត្តលូកលាន់ដល់កិច្ចការផ្ទៃក្នុងប្រទេសដទៃ ជាពិសេសប្រទេសកម្ពុជាទៅវិញ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងស្របពេលដែលភ្នាក់ងារសមត្ថកិច្ចជំនាញជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បើកស៊ើបអង្កេតទៅលើ រដ្ឋាភិបាលរុស្ស៊ី ដែលជាប់សង្ស័យថា បានលូកដៃចូលជ្រៅ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក និងបានជួយដល់ លោកដូណាល់ ត្រាំ បេក្ខជនមកពី គណបក្សសាធារណរដ្ឋ ដើម្បីឱ្យឈ្នះឆ្នោតក្លាយជា ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក បន្តពីលោក អូបាម៉ា។
លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា៖ «ស.រ.អា បាននិងកំពុងរិះគន់ និងធ្វើការស៊ើបអង្កេតលើការលូកដៃចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស.រ.អា ។ អាមេរិកចេះឈឺចាប់ចំពោះការលូកដៃ របស់បរទេស ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ប៉ុន្តែគួរឲ្យឆ្ងល់ ហេតុអ្វីបានជា ស.រ.អា ចូលចិត្តលូកដៃ ចូលកិច្ចការផ្ទៃ ក្នុងបណ្តាប្រទេសទៅវិញ ជាពិសេសកម្ពុជា»។
លោកបានបន្ថែមទៀតថា ពេលនេះ វិទ្យុអាមេរិក និយាយភាសាខ្មែរ បាននិងកំពុងដើរតួជាអ្នកនាំពាក្យរបស់បក្សប្រឆាំងនៅកម្ពុជា ហើយថែមទាំងជាយន្តការ នៃក្បាលម៉ាស៊ីន ឃោសនាឲ្យគណបក្សប្រឆាំង យ៉ាងច្បាស់ក្រឡែតទៀតផង មិនអាចប្រកែកបានឡើយ។ ស.រ.អា ចេះឈឺចាប់ដោយសាររុស្សីលូកដៃចូលការបោះឆ្នោត ប្រធានាធិបតីខ្លួន ចុះហេតុម៉្តេចសហរដ្ឋអាមេរិក ចូលចិត្តលូកដៃចូលកិច្ចការផ្ទៃក្នុងបណ្តាប្រទេសដទៃទៅវិញ តើគេមិនចេះឈឺចាប់ដូចអាមេរិកឬយ៉ាងណា?៕