(ភ្នំពេញ)៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថា នឹងដកមេឃុំ ឬចៅសង្កាត់ណា ដែលបម្រើប្រជាពលរដ្ឋនៅ តាមមូលដ្ឋានមិនបានល្អ ពេលដែលគណបក្សឈ្នះឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃបិទបញ្ចប់ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ចំពោះមុនអ្នកគាំទ្រជាង២០ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «មេឃុំចៅសង្កាត់ ឬក៏មន្ដ្រីនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ពេលដែលជាប់ឆ្នោតហើយ បម្រើប្រជាជនមិនបានល្អ គណបក្សត្រូវតែហ៊ាន វះកាត់ ដោះដូរចេញ ដើម្បីបម្រើឲ្យប្រជាជន។ ដូច្នេះសូមទុកការថ្នាំងថ្នាក់ មួយអន្លើរ ហើយបោះឆ្នោតមួយសន្លឹកឲ្យគណបក្សប្រជាជនឈ្នះសិន»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលណាដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតនោះ គណបក្សមួយនេះមានលទ្ធភាព កែប្រែនូវអ្វី ដែលជាចំណុចខ្វះខាតជូនពលរដ្ឋ ហើយបំពេញបន្ថែមនូវអ្វីដែលមិនទាន់គ្រប់គ្រាន់។ សម្ដេចថ្លែងយ៉ាងដូច្នេះថា «បងប្អូនឃើញទេនៅពេលគណបក្ស ប្រជាជនកាន់អំណាច គណបក្សប្រជាជនមានលទ្ធភាព និងកែលម្អនូវចំណុចខ្វះខាត ដែលជាមតិយោបល់របស់សមាជិក សមាជិការាប់លាននាក់»។
សម្ដេចតេជោ ធ្លាប់បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ជានិម្មិតរូបនៃសន្តិភាព ហើយថាបើបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជានោះ សន្តិភាព និងការអភិវឌ្ឍនេះនឹងនៅតែកើតមានបន្តទៅមុខទៀត។ បន្ថែមពីនេះសម្ដេចក៏អំពាវនាវឲ្យថែរក្សាសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះ ដើម្បីកុំឲ្យរងគ្រោះ ដូចប្រទេសមួយចំនួន នៅមជ្ឈឹមបូព៌ា ក្នុងនោះមានប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ី ជាដើម។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា មានគណបក្សចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែងជាមួយបេក្ខភាព សរុបជាង ៩ពាន់នាក់ ខណៈឃុំ-សង្កាត់នៅទូទាំងប្រទេសមានចំនួនសរុប ១,៦៤៦ ឃុំ-សង្កាត់៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ៖