(ភ្នំពេញ)៖ ក្បួនឃោសនារកសំឡេងឆ្នោតក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនៅរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាដ៏មានឥទ្ធិពល នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ មានការចូលរួមដង្ហែ និងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងប្រជាពលរដ្ឋអ្នកស្រឡាញ់ពេញចិត្តចំពោះគណបក្សដឹកនាំរាជរដ្ឋាភិបាលមួយនេះ។
ក្បួនដង្ហែត្រូវបានចាប់ផ្តើមឡើងនៅលើវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយបានឆ្ពោះមកកាន់មហាវិថីព្រះមុនីវង្ស និងបានបំបែកក្បួននៅរង្វង់មូលគួចកាណុង ឬគល់ស្ពានជ្រោយចង្វា។ ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានចែកចេញជា ១៦ផែន ដែលក្នុងនោះមានផែនអ្នកគាំទ្រមកពីខណ្ឌទាំង១២ ហើយក៏មានផែនយុវជន សិល្បៈករ សិល្បៈការិនី កីឡាករ កីឡាការិនី និងផែនរបស់ពលករ ពលការិនីផងដែរ។
ជាការកត់សម្គាល់ក្បួនឃោសនារកសំឡេងរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកមិញនេះ ក្រៅពីក្បួន អ្នកហែរហមពី១៥ម៉ឺននាក់ទៅ២០ម៉ឺននាក់នោះ នៅតាមដងផ្លូវដង្ហែក្បួន គេក៏បានឃើញប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងបុគ្គលិកក្រុមឯកជន ព្រមទាំងក្រុមអ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ ក៏បានចេញមកទះដៃស្វាគមន៍ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំក្បួនឃោសនារកសំឡេងឆ្នោតផងដែរ។
សម្តេចតេជោ ហ៊ុន សែន នៅលើរថយន្តដឹកនាំក្បួន ដែលឈរអមដោយសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងសិល្បៈករ សិល្បៈការិនីល្បីៗនៅកម្ពុជាផងនោះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋឲ្យបន្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្របេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន ក្នុងសារនយោបាយថ្លែងទៅកាន់ប្រជាពលរដ្ឋ បានរំលឹកប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយថ្លៃថ្នូរ មានភាពចាស់ទុំ ជាពិសេសមានរចនាសម្ព័ន្ធដឹកនាំប្រទេសយ៉ាងរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋផងដែរថា គណបក្ស ប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាព និងអភិវឌ្ឍន៍ឲ្យមានអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ និងសាលារៀនល្អៗ ឲ្យកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រផងដែរ។
«សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវសុខសន្តិភាព និងសមិទ្ធផលថ្មីៗបន្តទៀតសម្រាប់ជាតិរបស់យើង។ សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។ ខ្ញុំសូមអរគុណណាស់ ដែលបានខិតខំចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយគ្នា»។ សម្តេចតេជោ បានគូសបញ្ជាក់។
នៅពេលក្បួនរថយន្តអមសងខាងមុខក្រោយដោយក្បួនម៉ូតូប្រមាណ៥០០គ្រឿង បានធ្វើដំណើរមកដល់ព្រះសក្យមុនីចេតិយមុខស្ថាននីយរថភ្លើង សម្តេចតេជោ ហ៊ុន សែន ក៏បានឈប់ក្បួនរថយន្តថ្លែងសារទៅកាន់ប្រជាពលរដ្ឋ។ ក្រៅពីការថ្លែងសារទៅកាន់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសច្ចាចំពោះ សារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅព្រះសក្យមុនីចេតិយថា នឹងប្រឹងប្រែងដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាព កាន់តែល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសូមពរជ័យពីព្រះសារីរិកធាតុឲ្យសម្តេចមានសុខភាពល្អប្រសើរកម្លាំងពលំកាន់តែខ្លាំងក្លា ដើម្បីបន្តដឹកនាំ ប្រទេសជាតិ និងប្រជានជកម្ពុជា ឲ្យឆ្ពោះទៅរកការរីកចម្រើនបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការដឹកនាំជាតិកម្ពុជាជាច្រើនឆ្នាំ ពោលតាំងពីសម្តេចធ្វើជានាយករដ្ឋមន្រ្តីមានវ័យក្មេងជាងគេ រហូតដល់មានវ័យចំណាស់ជាងគេនេះ មិនមែនសម្តេចមិនហត់នឿយនោះទេ សម្តេចក៏ចង់ឈប់សម្រាកផងដែរ។ តែប្រសិនបើសម្តេចឈប់សម្រាក និងមិនបន្តដឹកនាំទេ នឹងគ្មាននរណាមកគ្រប់គ្រងស្ថានការណ៍ដ៏ស្មុគស្មាញរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នបាននោះឡើយ។
ទាំងប្រជាពលរដ្ឋដែលបានចូលរួមដង្ហែក្បួន ក៏ដូចជាប្រជាពលរដ្ឋឈរអមតាមដងផ្លូវសុទ្ធតែបានបង្ហាញការយល់ឃើញដូចៗគ្នាថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលពួកគាត់ជឿថា អាចរក្សាបាននូវសុខសន្តិភាព និងកសាងអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖