(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្ស ប្រជាជនកម្ពុជា ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ​ បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនឯង ការសម្រេចចិត្តខុសមួយថ្ងៃ ចង្រៃមួយជីវិត ដូចការសម្រេច ចិត្តខុសនៅថ្ងៃទី១៨ មីនា ដែលជារដ្ឋប្រហារទម្លាក់សម្តេចសីហនុ គឺនាំវិសនាសកម្មមកឱ្យកម្ពុជា។

បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន​ ប្រកាសថា យើងមិនដឹងគណបក្សណាមួយឈ្នះឆ្នោតនោះទេ ប៉ុន្តែយើងសង្ឃឹមថា គណបក្សប្រជាជននឹងឈ្នះឆ្នោត ហើយសូមឱ្យគណបក្សនយោបាយទាំងអស់ ទទួលយកលទ្ធផលបោះឆ្នោតកុំឡាំប៉ា ដូចកាលពីលើកមុន។

ប្រសាសន៍បែបនេះបានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន ដឹកនាំអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា​ដ៏ធំសម្បើមជិត២០ម៉ឺននាក់ ធ្វើយុទ្ធនាការឃោសនារក សម្លេងឆ្នោតថ្ងៃបិទបញ្ចប់ ​នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ​បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីខ្លួនឯងតែម្តង ការសម្រេចចិត្តខុសមួយថ្ងៃ ចង្រៃមួយជីវិត ដែលយើងធ្លាប់បានជួបប្រទះរួចទៅហើយ ថ្ងៃ១៨មីនា ១៩៧០ រដ្ឋប្រហារទម្លាក់ សម្តេចសីហនុ ធ្វើឲ្យយើងក្លាយជាជនរងគ្រោះរហូតមកដល់ពេលនេះ ដូច្នេះ អាអ្វីដែលមានសព្វថ្ងៃនេះ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងបន្តថែទាំបងប្អូនតទៅទៀត ប៉ុន្តែបងប្អូនក៏ត្រូវគាំទ្រគណបក្ស ប្រជាជនកម្ពុជាវិញ នេះជាការបំពេញឲ្យគ្នាទៅវិញទៅមក៕