(កណ្តាល)៖ ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើនរយនាក់ ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងពេលធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃចុងក្រោយនេះ ក្រៅពីការដង្ហែក្បួនតាមដងផ្លូវនានាហើយនោះ លោក ទ្រី ភាព ក៏បានធ្វើដំណើរចុះដោយផ្ទាល់តាមដំបូលផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។ ទាំងនៅតាមក្បួនលើដងវិថី ក៏ដូចជាការអញ្ជើញ ចូលតាមដំបូលផ្ទះប្រជាពលរដ្ឋឧកញ៉ា ទ្រី ភាព បានពន្យល់ និងលើកបង្ហាញនូវស្នាដៃ ព្រមទាំងគុណសម្បត្តិរបស់ គណបក្សប្រជាជន ដែលបានដឹកនាំប្រទេសជាតិក្នុងរយៈពេលប្រមាណជា ៣៨ឆ្នាំមកនេះ។

ឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរផងដែរ។

ជាចុងក្រោយលោក ទ្រី ភាព បានរំលឹកប្រជាពលរដ្ឋថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នឹងបន្តទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនបន្តទៀត៕