(ញូដេលី)៖ កងទ័ពឥណ្ឌានៅថ្ងៃសុក្រនេះ បានបាញ់សាកល្បងដោយជោគជ័យនូវ មីស៊ីលផ្លោងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ Prithvi-II នៅឯ តំបន់ឆ្នេរភាគខាងកើតនៃរដ្ឋ Odisha ខណៈដែលស្ថានការណ៍ជាមួយប្រទេសប៉ាគីស្ថាន នៅតែបន្តរសើបតាមព្រំដែន។ នេះបើតាមប្រភពពីមន្ត្រីយោធាឥណ្ឌា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពពីយោធាឥណ្ឌាបានឱ្យដឹងទៀតថា មីស៊ីល Prithvi-II ត្រូវបានបាញ់ចេញពីកន្លែងធ្វើតេស្ដ Integrated Test Range ស្ថិតនៅតំបន់ Chandipur ស្ថិតនៅក្បែរស្រុក Balasore នៃភាគខាងកើត Odisha នៅម៉ោងប្រមាណ ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) នៅថ្ងៃសុក្រនេះ។ Prithvi-II គឺជាប្រភេទមីស៊ីល ផ្លោងដំបូងបំផុត ដែលផលិតនៅក្នុងស្រុកដោយក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា ហើយវាមានសមត្ថភាពបំពាក់ក្បាល់គ្រាប់នុយក្លេអ៊ែរទម្ងន់ ៥០០គីឡូក្រាម ជាមួយនឹងការវាយប្រហារលើគោលដៅ ចម្ងាយ ៣៥០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា មីស៊ីល Prithvi-II ក៏មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរពីរគ្រាប់ ក្នុងពេលតែមួយផងដែរ ដោយវាមានម៉ូទ័ររុញច្រានចំនួនពីរ៕