គ្រោះថ្នាក់ណាស់! ជនបរទេសម្នាក់បែកថ្នាំ ឡើងលើរថយន្តបែនដឹកដី បើកបុករថយន្ត និងម៉ូតូអ្នកដំណើរតាមផ្លូវ សំណាងណាស់គ្មានអ្នករងគ្រោះ (Video inside)
02-06-2017 16:24
(ភ្នំពេញ)៖ ពិតជាគ្រោះថ្នាក់ណាស់! ជនបរទេសម្នាក់ដែលបែកថ្នាំ បានឡើងទៅលើរថយន្តបែនដឹកដី រួចក៏បើកទៅបុករថយន្ត និងម៉ូតូអ្នកដំណើរ តាមដងផ្លូវ បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅម្តុំកោះពេជ្រ ខណ្ឌចំការមន ទំរាំប្រជាពលរដ្ឋ និងសមត្ថកិច្ចអាចឃាត់បាន នៅមុខព្រះអង្គដងកើ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅរសៀលថ្ងៃនេះ មានរថយន្តបែនដឹកដីមួយគ្រឿង បានឈប់នៅខាងក្រោយ ស្ថានទូតរុស្ស៊ី ពេលនោះអ្នកបើករថយន្ត បានចុះទៅប្រាប់សន្តិសុខឲ្យបើកទ្វារ ដើម្បីចូលទៅចាក់ដី។ ពេលអ្នកបើក រថយន្តចុះទៅនោះ ស្រាប់តែជនបរទេសម្នាក់នេះ មិនដឹងមកពីខាងណា ក៏ឡើងទៅលើរថយន្ត ដែលកំពុងឆេះស្រាប់ ហើយក៏បើកចូលទៅកោះពេជ្រមួយជុំ រហូតត្រឡប់មកមុខផ្សារអ៊ីអន ក៏ប៉ះរថយន្តអ្នកដំណើរមួយគ្រឿង។ ពេលនោះមានប្រជាពលរដ្ឋ និងក្រុមយុវជនជាច្រើននាក់ បានបើកម៉ូតូដេញតាមដើម្បីស្រែក និងជួយឃាត់ឲ្យឈប់ តែជនបរទេសរូបនេះ មិនបានឈប់នោះទេ។
ភ្លាមៗនោះជនបរទេសរូបនេះ បានបើកទៅដល់មុខព្រះអង្គដងកើ ហើយក៏មានក្បួនឃោសនា គណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ បានហែមកដល់ ក៏ក្រុមសកម្មជនទាំងនោះ បានយកម៉ូតូរបស់ខ្លួនទៅពាំងពីមុខ ដើម្បីឲ្យរូបគេឈប់។ ពេលឈប់រថយន្ត ស្រាប់តែប្រជាពលរដ្ឋ ដែលដេញតាមពីក្រោយ ទប់កំហឹងមិនបាន ក៏នាំគ្នាវាយឡើងទ្រោមខ្លួនផងដែរ។
នៅពេលជនបរទេសខាងលើ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ ដើម្បីចាត់ការតាមច្បាប់។ សម្រាប់ហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋណាម្នាក់នោះទេ៕