(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកសន្ទុក នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិក សមាជិកា និងប្រជាពលរដ្ឋ អ្នកគាំទ្រប្រមាណជាង២២២២នាក់ ហែក្បួនបិទយុទ្ធនាការឃោសនា​បោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ។

ថ្លែងទៅកាន់អ្នកចូលរួមនាឱកាសនោះ លោក ជា ចាន់តូ បានអំពាវនាវឲ្យប្រជាពលរដ្ឋអ្នកគាំទ្រ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាដែលបាន ចូលរួមដង្ហែរឲ្យបន្តរក្សាសេចក្ដីថ្លៃថ្នូរដ៏ផូរផង់នេះ​​បន្តទៀត។

លោក ជា ចាន់តូ បានលើកឡើងដែរថា គណបក្សប្រជាជនកម្ពុជានៅតែ ស្ថិតជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុងប្រទេសជារៀងរហូត ព្រោះតែគណបក្សមួយនេះ មិនដើរសន្យាចោលទេគឺហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។

លោកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា នឹងបន្តយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍន៍ជាតិ ឲ្យមានការរីនចម្រើនថ្មីៗបន្ថែមទៀត និងធ្វើឲ្យប្រទេសដែលធ្លាប់តែខ្ទិចខ្ទាំ និងរ៉ាំរ៉ៃដោយសង្គ្រាមអស់ជាច្រើនឆ្នាំមួយនេះ ទទួលបានសន្តិភាព និងវឌ្ឍនៈភាពសង្គមថ្មីៗបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះ លោក ជា ចាន់តូ បានអំពាវនាវ និងរំលឹកជាថ្មីម្តងទៀត ដល់សមាជិក សមាជិកាបក្សទាំងអស់ឲ្យត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងត្រូវរៀបចំឯកសារ ពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ ដើម្បីទៅចូលរួមក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្ត និងពង្រឹងការអភិវឌ្ឍន៍ភូមិ-ឃុំ ខ្លួនឲ្យទទួលបានការរីកចំរើនថែមទៀត។

ជាមួយនេះដែរ លោកក៏បានស្នើ ឲ្យប្រជាពលរដ្ឋត្រូវមានការសម្រេចចិត្ត ឲ្យបានច្បាស់លាស់មុននឹងគូស លើសន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួន ឲ្យទៅគណបក្សនយោបាយណាមួយ។

ទោះយ៉ាងនេះក្ដី លោក ជា ចាន់តូ បានបញ្ជាក់ថា មកដល់ពេលនេះគ្មានគណបក្សនយោបាយណាមួយ មានការទទួលខុសត្រូវ ហើយនៅរួមរស់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និង បានដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចគណបក្សប្រជាជនកម្ពុជា ជាពិសេសដូចសម្ដេចតេជោ ហ៊ុន សែន នោះឡើយ៕