(បន្ទាយមានជ័យ)៖ ក្រុមសកម្មជនគណបក្ស សង្គ្រោះជាតិ និងគណបក្ស ខ្មែររួបរួមជាតិចំនួន២៣៩នាក់ ក្នុងនោះស្រីប្រមាណ៩០នាក់ រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបន្តចាកចេញពីបក្ស ហើយមកសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានមើលឃើញថា មានតែគណបក្សប្រជាជនតែប៉ុណ្ណោះ ដែលអាចដឹកនាំសង្គមជាតិកាន់តែសុខសន្តិភាព និងការអភិវឌ្ឍន៍ខ្លាំងឡើង។
ពិធីទទួលសមាជិកសមាជិកាថ្មី មកពីគណបក្សទាំង២ ខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក អាត់ ខែម សមាជិកអចិន្រ្តៃយ៍ គណបក្សខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
នុងឱកាសជួបសំណេះសំណាល ជាមួយសកម្មជនដែលមករួមរស់ជាមួយគណបក្ស CPP នោះ លោក អាត់ ខែម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន សកម្មជនបក្សសង្រ្គោះជាតិ និងបក្សខ្មែររួបរួមជាតិ ដែលបានសម្រេចចិត្តមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្រាប់ខេត្តបន្ទាយមានជ័យដឹកដោយលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត។
សម្រាប់បងប្អូនសកម្មជន CNRP បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា មូលហេតុដែលពួកគាត់ចាកចេញ ពីបក្សសង្រ្គោះជាតិដោយសារអស់ជំនឿ លើថ្នាក់ដឹកនាំបក្សនេះ ហើយថាបក្សប្រឆាំងពោរពេញទៅដោយអំពើពុករលួយ ពូកែតែសន្យា ប៉ុន្តែមិនដែលធ្វើតាមសន្យាឡើយ។ ជាពិសេសនោះថ្នាក់ដឹកនាំបក្សនេះ ពុំដែលបានធ្វើអ្វីដើម្បីប្រយោជន៍ជាតិទេ ហើយមិនដែលខ្វល់ខ្វាយ ពីសុខទុក្ខសកម្មជនថ្នាក់ក្រោមឡើយ គឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មានរឿងអាស្រូវជាច្រើន មិនសមជាថ្នាក់ដឹកនាំបក្សឡើយ។
ជាមួយគ្នានេះ លោក អាត់ ខែម និងក្រុមការងារបានពន្យល់បង្ហាញ ប្រជាពលរដ្ឋអំពីលេខរៀងគណបក្ស និងមានរូបទេវតាបាចផ្កាជាសម្គាល់ ហើយលោក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទើបតែមករួមរស់ជាមួយ CPP ឲ្យប្រាប់សមាជិកក្រុមគ្រួសារ សាច់ញតិ និងមិត្តភក្តិរបស់ពួកគាត់ឲ្យជឿជាក់ ទុក្ខចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជន ដឹកនាំដោយសម្តេចតេជោ ទើបអាចរក្សាបាននូវសន្តិភាពបានយូរអង្វែង និងបន្តការអភិវឌ្ឍភូមិឲ្យ កាន់តែរីកចម្រើន រុងរឿង និងសម្បូរសប្បាយតរៀងទៅ៕