(កំពង់ស្ពឺ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ គឺជាថ្ងៃបញ្ចប់ នៃយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនោះ នៅតែមានសមាជិក និងសកម្មជន គណបក្សសង្គ្រោះជាតិ ដែលអស់ជំនឿលើថ្នាក់ដឹកនាំរបស់ពួកគេ បន្តនាំគ្នាដើរចេញពីបក្ស មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ជាក់ស្តែងនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែមិថុនានេះ សកម្មជនរបស់បក្សប្រឆាំងចំនួន១០០នាក់ បានសម្រេចដើរចេញពីបក្ស ហើយមកសុំចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់ជំនឿលើថ្នាក់ដឹកនាំបក្សរបស់ពួកគេ។
លោក ខេន មុន្នីរាជ ដែលជាជំទប់ទី២ មកពីគណបក្សសង្គ្រោះជាតិ នៅឃុំត្រពាំគង់ បានដឹកនាំសមាជិក សមាជិការគណបក្សសង្គ្រោះជាតិ ចំនួន១០០នាក់ មកសុំចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនោះ បានថ្លែងនូវប្តេជ្ញាបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបន្តអភិវឌ្ឍន៍ភូមិ ឃុំ ឲ្យកាន់តែរីកចម្រើនថែមទៀត។
លោក ខេន មុន្នីរាជ បាននិយាយថា ការចាកចេញនៅពេលនេះ គឺដោយសារមើលឃើញ ពីការដឹកនាំដ៏ល្អរបស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជា មានសន្ដិភាព មានការរីកចម្រើន សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដែលផ្ទុយពី គណបក្សប្រឆាំង ដែលតែងតែដើរញុះញង់ ប្រោសប្រាស់ និងសន្យាខ្យល់។
ក្នុងឱកាសនោះដែរ លោក វិន វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល ជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះឃុំ ត្រពាំងគង ក៏បានដឹកនាំបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោតថ្ងៃបិទបញ្ចប់ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ជាមួយសមាជិក សមាជិកាបក្សជាមួយនឹងបរិយាកាសដ៏សែនរីករាយ៕