(សៀមរាប)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិកាកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប អមដំណើរដោយ លោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងភរិយា ព្រមទាំងក្រុមការងារគណៈកម្មាធិការកណ្តាល, ក្រុមការងារខេត្ត ក្រុង ស្រុក និងគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់បានរៀបចំពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលមានសមាជិក សមាជិកាគណបក្សចូលរួមយ៉ាងច្រើនកុះករ និងបានហែក្បួនបិទ យុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាលស្រុក-ក្រុងទាំង១២ទូទាំងខេត្ត ដែលមានអ្នកចូលរួមសរុបប្រមាណ ៨៦,៣៦៨នាក់ (ក្រុងសៀមរាប សរុបប្រមាណ ១៧,០០០នាក់) ដោយមធ្យោបាយរួមមាន៖ រថយន្តតូច-ធំ ១,៥៩៤គ្រឿង , រថយន្ត១៥កៅអី ២៦គ្រឿង , គោយន្ត ១,០៣២គ្រឿង, គោយន្តកន្ត្រៃ ២៦៩គ្រឿង, រ៉ឺម៉កម៉ូតូ ៦៨១គ្រឿង , ម៉ូតូ ១៤,២០៥គ្រឿង , កាណូត ៦១គ្រឿង , មេក្រូ ៥២៨គ្រឿង , ធុងបាស ៩៣គ្រឿង , អកកាដង់ ៤វង់ និងស្គរដៃ ៤វង់។
បន្ទាប់ពីហែក្បួនបញ្ចប់ ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងក្រុងសៀមរាប នៅរសៀលថ្ងៃទី២ ខែមិថុនានេះ លោកនឹងបន្តដឹកនាំការដង្ហែក្បួនទៅ តាមបណ្តាលស្រុកមួយចំនួនទៀត រួមមានស្រុកសូត្រនិគម ស្រុកបាសាទបាគង និងស្រុកជីក្រែងផងដែរ។
នៅក្នុងពិធីបើកការហែក្បួននេះ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេស ជាពិសេសក្នុងខេត្តសៀមរាប បានដឹងនូវគុណបំណាច់យ៉ាង ខ្លាំងក្លាចំពោះគណបក្សប្រជាជនកម្ពុជា ដែលនាំសុខសន្តិភាព ស្ថិរភាពនយោបាយគ្រប់ទីកន្លែង ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈហើយ បក្សប្រជាជនកម្ពុជា តែងគិតគូរនៅបញ្ហាសុខទុក្ខទាំងអស់ របស់ប្រជាពលរដ្ឋ មានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ ដែលបានដឹកនាំប្រទេសជាតិ តាំងពីបាតដៃទទេ រហូតប្រទេសកម្ពុជា មានអ្វីៗគ្រប់បែបយ៉ាង ដូចប្រទេសជិតខាង ដូច្នេះហើយយើងដឹងច្បាប់ថា សន្លឹកឆ្នោត១សន្លឹក គឺមានតម្លៃខ្លាំងណាស់ ប្រសិនជាយើងសម្រេចចិត្តខុស ក្នុងការគូសសន្លឹកឆ្នោតនោះ និងធ្វើឲ្យយើងទាំងអស់គ្នា មានវិប្បដិសារីជាមិនខាន។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនដែលបានសន្យាខ្យល់ ដូចគណបក្សប្រឆាំងនោះទេ គឺថាធ្វើអ្វីៗ គ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋទាំងមូល ដោយមិនប្រកាន់និន្នាការនយោបាយ សាសនានោះឡើយ។ ថ្ងៃនេះពិតជាថ្ងៃមួយ ដែលប្រជាពលរដ្ឋ ទាំងអស់មានការសប្បាយរីករាយ ដែលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមដង្ហែគណបក្ស ដោយមានសមាជិកចូលរួមលើសពី១៥ម៉ឺននាក់ នៅរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលចូលរួមដង្ហែក្បូនឃោសនា នាថ្ងៃចុងក្រោយបានថ្លែងថា ពួកគេបានសម្រេចចិត្តចូលរួមហែគណបក្សប្រជាជនកម្ពុជា គឺសង្ឃឹមថា មានគណបក្សប្រជាជនកម្ពុជា គឺធ្វើប្រទេសជាតិកាន់តែរីកចម្រើន មិនថាទីប្រជុំជន ទីក្រុង តំបន់ដាច់ស្រយាល គឺមានការអភិវឌ្ឍស្មើគ្នា៕