(ស្វាយរៀង)៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ ជាថ្ងៃបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤ លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា និង ក្រុងបាវិត ខេត្តស្វាយរៀង បានចូលរួមហែក្បួនបិទយុទ្ធនាការ ឃោសនាបោះឆ្នោតនៅក្នុងក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាមួយសមាជិក សមាជិការ គណបក្សប្រជាជនប្រមាណជាង៤ពាន់នាក់។
ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិក សមាជិការ សមាជិការបក្សនៅក្រុងបាវិត ក៏ដូចជាស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក ម៉ឹង សំផន បានអំពាវនាវដល់សមាជិកបក្ស ទាំងអស់ឲ្យត្រៀមលក្ខណៈ ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណបណ្ណ័ និងឯកសារផ្សេងៗ ទៅបោះឆ្នោតជូន គណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខនេះ ដើម្បីដណ្តើមយកជ័យជំនះ នាំមកនូវសុខ សន្តិភាព និងការអភិវឌ្ឍន៍ ជូនជាតិមាតុភូមិទៅថ្ងៃអនាគត។
លោក ម៉ឹង សំផន បានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ក្នុងរយៈពេលកន្លងមក ដែលខិតខំកសាង សមិទ្ធផល គ្រប់ទីកន្លែងជូនសង្គមជាតិនិង ការពារនូវសន្តិភាពជូនប្រជាជន។
ជាចុងក្រោយ លោក ម៉ឹង សំផន ក៏បានណែនាំបន្ថែមដល់សមាជិក សមាជិការគណបក្សត្រូវក្រើនរំលឹក ដល់កូនចៅរបស់ខ្លួន ទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះថាមានតែ មេឃុំ-ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ ដែលបានដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន គ្រប់ពេលវេលា៕