(កណ្តាល)៖ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ លោក គង់ វិបុល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី ១ គណៈអចិន្ត្រៃយ៍គណៈពង្រឹង មូលដ្ឋានស្រុកល្វាឯម តំណាងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំនៃគណៈពង្រឹង មូលដ្ឋានឃុំក្នុងស្រុកល្វាឯម ព្រមទាំងលោកប្រធាន-អនុប្រធានគណបក្សស្រុក សមាជិកគណបក្សស្រុក បានដឹកនាំក្បួនដង្ហែរបិទបញ្ចប់ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង ៦០០០នាក់ ដែលមកពីឃុំអរិយក្សត្រ ឃុំសារិការកែវ និងឃុំពាមឧកញ៉ាអុង។

យុទ្ធនាការឃោនាបោះឆ្នោតរយៈពេល ១៤ថ្ងៃកន្លងមក របស់គណបក្សប្រជាជនកម្ពុជា យើងបានប្រព្រឹត្តទៅប្រកប ដោយជោគជ័យ ដែលថ្នាក់ដឹកនាំ-មន្ត្រីគណបក្សក្រុមការងារ ចុះពង្រឹងមូលដ្ឋានគ្រប់ជាន់ថ្នាក់ បានបំពេញការងារយ៉ាងសកម្ម យកអស់កម្លាំងកាយចិត្ត ចុះឃោសនាគ្រប់រូបភាព ផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ឃុំ-សង្កាត់របស់គណបក្ស ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ សន្តិវិធី ក្រមសីលធម៌ និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយបានបង្កបរិយាកាស នយោបាយទន់ភ្លន់ និងប្រក្រតី សម្រាប់ឈានទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤ នាពេលខាងមុខនេះ។

ក្នុងឱកាសនៃក្បួនដង្ហែរនោះ សមាជិក សាមាជិកាទាំងអស់បានស្តាប់ប្រកបដោយការយកចិត្តទុកដាក់នូវការផ្សាយបន្តផ្ទាល់ «សេចក្ដីថ្លែងការណ៍ទៅកាន់សមាជិកបក្ស និង ប្រជាជន របស់សម្តេចតេជោ ហ៊ុន សែន» ដោយសមាជិក សមាជិកាទាំងអស់បង្ហាញទឹកមុខ និងទឹកចិត្តសោមនស្សរីករាយក្រៃលែង និងបញ្ចេញនូវសម្លេងជ័យឃោស សាទរដល់សម្តេចតេជោ ហ៊ុន សែន គាំទ្រមេឃុំទេវតា គាំទ្រគណបក្សប្រជាជន និងប្តេជ្ញាខ្ពស់ក្នុងការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា គឺគាំទ្របេក្ខភាពមេឃុំទេវតា មកពីគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្តេជ្ញាដើម្បីឈានទៅរកភាពជោគជ័យ ក្នុងការបោះឆ្នោតសាកលឆ្នាំ២០១៨ ខាងមុខទៀត។

បន្ទាប់ពីការដង្ហែរក្បួនតាមការគ្រោងទុក សមាជិក សមាជិកាគណបក្សប្រជាជន តាមឃុំនីមួយៗ បានត្រលប់ទៅកាន់មណ្ឌលឃោសនា ក្នុងមូលដ្ឋានឃុំរបស់ខ្លួនវិញ ប្រកបដោយទឹកចិត្តរីករាយ និងសង្ឃឹម ជឿជាក់សម្រាប់ភាពជោគជ័យ ក្នុងការបោះឆ្នោតនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕