(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាង៦ពាន់នាក់ លើកក្បូនដង្ហែឃោសនារកសំឡេងឆ្នោត យ៉ាងផុសផុល នៅថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។
មុននឹងចាប់ផ្ដើមក្បូនដង្ហែ លោកបានថ្លែងទៅសមាជិក និងអ្នកគាំទ្រទាំងអស់ថា គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ជារៀងរាល់ឆ្នាំ បានធ្វើឲ្យម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស។
លោក ហ៊ុន ម៉ាណែត បានបន្តថា គណបក្សជាអ្នកស្វែងរកការងារជូនយុវជន តាមរយៈការបង្កើតរោងចក្រនៅក្នុងស្រុក និងសម្របសម្រួលជួយយុវជន ឲ្យទទួលបានការងារនៅក្រៅប្រទេស បង្កើនប្រាក់បៀវត្សជូនមន្រ្តីរាជការគ្រប់កម្រិតបានជាប្រចាំ បើកទូលាយការប្រតិបត្តិជំនឿគ្រប់សាសនា និងបានសម្រេចធ្វើសមាហរណកម្មកម្ពុជាពេញលេញ នៅក្នុងសហគមន៍អន្តរជាតិ បានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ធ្វើឲ្យកម្ពុជាស្នើ មុខស្មើមាត់ ជាមួយប្រទេសដទៃ នៅលើឆាកអន្តរជាតិ។
ខណៈភាពសប្បាយរីករាយ និងសំឡេងខ្ញៀវខ្ញារ ដែលបង្ហាញពីភាពសាមគ្គីដ៏មុតមាំរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជន កំពុងបន្លឺឡើងនៅស្រុកមេមត់នោះ ក្បូនដង្ហែគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏កំពុងលយដំណើរឆ្ពោះទៅមុខបន្តិចម្ដងៗ តាមដងវិថីនានាផងដែរ។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ពោលគឺនឹងបិទបញ្ចប់នៅវេលាម៉ោង ១០យប់ ថ្ងៃនេះតែម្ដង។ ចំណែកនៅថ្ងៃទី០៣ ខែមិថុនា ស្អែកនេះ គ្រប់សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពឃោសនាទាក់ទងនឹងកម្មវិធីនយោបាយ របស់គណបក្សនយោបាយនានាត្រូវបានបញ្ឈប់ពេញ រយៈពេល ២៤ម៉ោង។
លុះដល់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងស្អែក គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ហើយ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕