(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្ដិ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រជាង ២,០០០នាក់ បិទយុទ្ធនាការឃោសនារកការគាំទ្រពីពលរដ្ឋនៅទូទាំងស្រុកព្រៃឈរ។
ថ្លែងមុនដង្ហែក្បួនរកសំឡេងឆ្នោតនៅថ្ងៃចុងក្រោយ លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានបេ្តជ្ញា និងសន្យា ចំពោះមុខបងប្អូនប្រជាជនថា នឹងបន្តប្រឹងប្រែងធ្វើអ្វីៗ គ្រប់យ៉ាងឲ្យបានប្រសើរបំផុត ដើម្បីចូលរួមថែរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គម ដើម្បីជួយជនក្រីក្រ និងអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា សំដៅឆ្លើយតបបំណងប្រាថ្នា និងផលប្រយោជន៍ពលរដ្ឋគ្រប់មូលដ្ឋាន។
ប្រធានក្រុមការងាររូបនេះ សង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវទិសដៅទាំងនេះ គណបក្សប្រជាជនកម្ពុជា ពិតជាត្រូវការសម្លេងគាំទ្រពីសមាជិកសមាជិកា និងប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងរៀបចំឡើង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
ជាមួយគ្នានោះ លោក ក៏បានផ្ដាំផ្ញើឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសញ្ញាសម្គាល់ឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំរបស់បងប្អូន ហើយសូមមេត្តាកុំភ្លេចនាំយកនូវអត្តសញ្ញាណប័ណ្ណ ឬឯកសារតម្រូវផ្សេងៗ ទៅជាមួយ ដើម្បីទទួលបានសិទ្ធិបោះឆ្នោតស្របច្បាប់៕