(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រប្រមាណជាង២ម៉ឺននាក់ ហែក្បួនក្នុងពីធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅក្នុងស្រុកបារាយណ៍។
បន្ទាប់ពីបានស្តាប់ការថ្លែង របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់អ្នកគាំទ្ររបស់ គណបក្សប្រជាជនកម្ពុជា រួចមក លោកបណ្ឌិត ថោង ខុន បានថ្លែងទៅកាន់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងពីធីបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកបារាយណ៍ ដ៏មហាឡារឹកនាពេលនេះ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា នៅទូទាំងរាជធានី-ខេត្ត បាននិងកំពុងប្រារព្ធពិធីនេះយ៉ាងអធិកអធមក្រៃលែង។
ឆ្លៀតក្នុងឱកាសនេះ លោកបានពាំនាំផ្តាំផ្ញើរការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងបងប្អូនជនរួមជាតិទាំងអស់ សម្តេចតែងតែយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។
លោកបន្តថា ក្នុងរយៈពេល១៤ថ្ងៃ នៃយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ បេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនយើង រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ដោយបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅតាមភូមិ។
លោកបានបញ្ជាក់ថា រយៈពេល៣៨ឆ្នាំ កន្លងទៅនេះ ចាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ គណបក្សប្រជាជន ក៏ដូចជារាជរដ្ឋាភិបាល បានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍរីកចំរើន មកដល់សព្វថ្ងៃនេះ ។ ដើម្បីបន្តនិរន្តភាព នៃការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជានៅខេត្តកំពង់ធំ និងនៅស្រុកបារាយណ៍ទាំងមូល ជាមួយគ្នានេះ លោក ថោង ខុន សូមឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជាអត្តសញ្ញាណបណ្ណ ឬឯកសារលិខិតបញ្ជាក់អត្តសញ្ញាណ បម្រើអោយការបោះឆ្នោត ដើម្បីទៅបោះឆ្នោតនៅ តាមការិយាល័យបោះឆ្នោតឃុំរបស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ នាថ្ងៃអាទិត្យ ទី០៤ ឆ្នាំ២០១៧ ឲ្យបានគ្រប់គ្នា។
បន្ទាប់ពីសំណេះសំណាលចប់សព្វគ្រប់ សមាជិក សមាជិកាទាំងអស់បានហែទៅកាន់ឃុំរៀងខ្លួន ដើម្បីចូលរួមក្នុងពិធីសំណេះសំណាល ស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន ម្តងទៀត និងរាំលេងកំសាន្តប្រកប ដោយភាពសប្បាយរីករាយ៕