(ប៉ៃលិន)៖ នៅថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ដឹកនាំដោយលោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន បានដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រជាង២ម៉ឺននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅទូទាំងខេត្ត យ៉ាងផុសផុល។
ខណៈភាពសប្បាយរីករាយ និងសំឡេងខ្ញៀវខ្ញារ ដែលបង្ហាញពីភាពសាមគ្គីដ៏មុតមាំ របស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជន កំពុងបន្លឺឡើងនៅខេត្តប៉ៃលិននោះ ក្បូនដង្ហែគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏កំពុងលយដំណើរឆ្ពោះទៅមុខបន្តិចម្ដងៗ តាមដងវិថីនានាផងដែរ។
ក្នុងឱកាសនោះ លោក អ៊ី ឈាន បានអំពានាវដល់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តប៉ៃលិន សូមឲ្យពិនិត្យឡើងវិញរាល់ឯកសារពាក់ព័ន្ធ បម្រើឲ្យការបោះឆ្នោត សម្រាប់យកទៅបោះឆ្នោតនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌល ការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ ថែរក្សាសុខសន្តិភាព និងសមិទ្ធផលនានារបស់សង្គមជាតិជាបន្តទៀត។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ពោលគឺនឹងបិទបញ្ចប់នៅវេលាម៉ោង១០យប់ ថ្ងៃនេះតែម្ដង។ ចំណែកនៅថ្ងៃទី០៣ ខែមិថុនាស្អែកនេះ គ្រប់សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពឃោសនាទាក់ទង នឹងកម្មវិធីនយោបាយ របស់គណបក្សនយោបាយនានា ត្រូវបានបញ្ឈប់ពេញរយៈពេល២៤ម៉ោង។
លុះដល់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងស្អែក គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ហើយ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕