(កណ្ដាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជានៅស្រុកកោះធំ ប្រមាណជាង១០,០០០នាក់ មកពីឃុំចំនួន១១ បើកយុទ្ធនាការឃោសនាដើម្បីស្វែងរកការគាំទ្រពីពលរដ្ឋនៅថ្ងៃចុងបញ្ចប់ សម្រាប់ការបោះឆ្នោត ឃុំសង្កាត់អាណត្តិទី៤ ដែលនឹងឈានមកដល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ បានសម្តែងនូវការគាំទ្រចំពោះ គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទាក់ទាញការវិនិយោគផ្តល់ការងារជូនប្រជាពលរដ្ឋ បង្កើនធនធានមនុស្ស ព្រមទាំងផ្តល់នូវសុខសន្តិភាព ជូនជាតិមាតុភូមិ។
ជាមួយគា្ននោះ លោក ស៊ុន ចាន់ថុល និងក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកកោះធំ ព្រមទាំងបេក្ខជនឈរឈ្មោះទាំងអស់ បានសម្តែងនូវការ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស ក្នុងការដឹកនាំអភិវឌ្ឍមូលដ្ឋានស្រុកកោះធំ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។
បន្ថែមពីនេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សអាចបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបន្តទៅទៀត៕