(ត្បូងឃ្មុំ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀត ដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំម្នាក់ និងមេភូមិចំនួន ៧នាក់ទៀត ក្នុងឃុំដារ ស្រុកមេមត់ បានចាកចេញពីគណបក្សសង្រ្គោះជាតិ និងហ្វ៊ុន ស៊ិនប៉ិច ចូលរួមជាមួយគណបក្សកាន់ អំណាច CPP ហើយមកសុំរួមការងារ រួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សមានភាពចាស់ទុំខាងផ្នែកនយោបាយ។
បន្ទាប់ការចាកចេញភ្លាមៗ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ លោក ប្រាជ្ញ ចន្ទ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានប្រកាសបញ្ចូលសមាជិកថ្មីទាំង៨នាក់ ដែលចាកចេញពីគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានទទួលស្វាគមន៍ ដោយភាពកក់ក្ដៅបំផុត។
តំណាងមេភូមិទាំង៧រូប លោក យ៉ិន សូផា មេឃុំដារ ស្រុកមេមត់ សុំចូលរួមជាសមាជិកគណបក្សប្រជាជន បានលើកឡើង អំពីការអស់សង្ឃឹម អស់ជំនឿចិត្ត លើការដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ ចាប់ពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាននោះ ក្រលេកទៅមើល គណបក្សប្រជាជនវិញ យើងទាំងអស់គ្នាមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវ តាំងពីថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន មានការរីកចម្រើនលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ ព្រមទាំងប្តេជ្ញាខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ តាមកម្មវិធិនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនឲ្យបានដាច់ខាត និងណែនាំ កៀរគរប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្ស ដើម្បីដណ្តើមប្រៀបឈ្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ។
លោក ប្រាជ្ញ ចន្ទ បានថ្លែងនូវការអបអរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលមករស់នៅក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ លះបង់សាច់ស្រស់ឈាមស្រស់ បានរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ ពីគំនរផេះផង់ ឲ្យរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យពីមួយថ្ងៃ ទៅមួយថ្ងៃ ទទួលបានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំរូបនេះ បញ្ជាក់ថា នៅថ្ងៃទី០៤ មិថុនា ខាងមុខនេះ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជន ព្រោះថាគណបក្សប្រជាជនបង្កើតឡើងដោយសារប្រជាជន ដើម្បប្រជាជន សម្រាប់ប្រជាជន គឺមិនមានចង់បានអ្វីនោះទេ ចង់ឲ្យតែប្រជាជនជីវភាពធូរធារ និងសុខសន្តិភាព ជារៀងរហូតទៅ៕