(កំពង់ធំ)៖ នៅថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំដោយលោក ងួន ញ៉ិល សមាជិគគណៈអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្ត បានដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រជាង១០ម៉ឺននាក់ លើកក្បូនដង្ហែឃោសនារកសំឡេងឆ្នោត នៅទូទាំងខេត្ត យ៉ាងផុសផុលលើសថ្ងៃមុនៗទៅទៀត។
ខណៈភាពសប្បាយរីករាយ និងសំឡេងខ្ញៀវខ្ញារ ដែលបង្ហាញពីភាពសាមគ្គីដ៏មុតមាំរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជន កំពុងបន្លឺឡើងនៅខេត្តកំពង់ធំនោះ ក្បូនដង្ហែគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏កំពុងលយដំណើរឆ្ពោះទៅមុខបន្តិចម្ដងៗ តាមដងវិថីនានាផងដែរ។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ពោលគឺនឹងបិទបញ្ចប់នៅវេលាម៉ោង ១០យប់ ថ្ងៃនេះតែម្ដង។ ចំណែកនៅថ្ងៃទី០៣ ខែមិថុនា ស្អែកនេះ គ្រប់សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពឃោសនាទាក់ទងនឹងកម្មវិធីនយោបាយ របស់គណបក្សនយោបាយនានា ត្រូវបានបញ្ឈប់ពេញរយៈពេល ២៤ម៉ោង។
លុះដល់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងស្អែក គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ហើយ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕