(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ រួមជាមួយលោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តព្រះវិហារ, លោក ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងក្រុមការងារគណបក្សជាច្រើនទៀត បានដឹកនាំសកម្មជន អ្នកគាំទ្រប្រមាណជាង៤,៥០០នាក់ បើកយុទ្ធនាការរកសំឡេងឆ្នោតថ្ងៃចុងក្រោយ។
លោក អ៊ុន ចាន់ដា ជំរុញឲ្យសកម្មជនអ្នកគាំទ្រគណបក្សទាំងអស់ប្រែក្លាយពីការគាំទ្រ ទៅជាសន្លឹកឆ្នោតមួយសន្លឹក សម្រាប់គណបក្សថ្ងៃបោះឆ្នោតថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាទទួលជោគជ័យ។ លោកបន្ដថា សម្រាប់ថ្ងៃយុទ្ធនាការថ្ងៃនេះ គណបក្សប្រជាជនគ្រប់ឃុំ ស្រុក ឃុំសង្កាត់ បានចាប់ផ្តើមហែរទ្រង់ទ្រាយធំទាំងអស់ ដោយមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួម និងលោកបានផ្ដាំឲ្យ ប្រធានក្រុមបក្សទាំងអស់នៅថ្ងៃទី៣ ពេលរសៀល ត្រូវដើរត្រួតពិនិត្យមើលសមាជិករបស់ខ្លួននៅតាមមូលដ្ឋាន ហើយនៅព្រឹកថ្ងៃទី០៤ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោក មាស សុភា បញ្ជាក់ថា ថ្ងៃនេះពិតជាថ្ងៃមួយដែលប្រជាពលរដ្ឋទាំងអស់មានការសប្បាយរីករាយ ដែលថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមដង្ហែរគណបក្ស នៅថ្ងៃបញ្ចប់ដោយមានការគាំទ្រដ៏ច្រើនលើសលប់ ពីប្រជាពលរដ្ឋ១៥ម៉ឺននាក់នៅរាជធានីភ្នំពេញ ហើយថ្ងៃនេះក្នុងនាមក្រុមការងារចុះជួយខេត្តព្រះវិហារ ដោយលោកយកស្រុកជាំក្សាន្ត មកជួបសំណេះសំណាលជាមួយបងប្អូន៤,៥០០នាក់ នៅថ្ងៃបិទយុទ្ធនាការថ្ងៃបញ្ចប់នេះ។
លោក ក៏បានធ្វើការដាស់តឿនឲ្យសកម្មជនកុំជឿតាមការញុះញង់ របស់គណបក្សប្រឆាំងឲ្យសោះ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ គណបក្សប្រឆាំងបានធ្វើនយោបាយប្រជាភិថុតបោកប្រាស់ប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូនកុំជឿឲ្យសោះ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គឺតែងនៅជិតប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោកថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាប្រទេស និងមានសន្តិភាព និងការអភិវឌ្ឍន៍ជារៀងរហូត។
ជាមួយគ្នានេះលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ជាអនុប្រធានក្រុមការងារចុះជួយស្រុកឆែប និងជាប្រធានក្រុមការងារចុះជួយឃុំម្លូរព្រៃមួយ និងឃុំសង្កែពីរ ក៏បានដឹកនាំក្បួនឃោសនារកសម្លេងឆ្នោតនៅថ្ងៃបញ្ចប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះផងដែរ។
លោកបានថ្លែងទៅកាន់សកម្មជនអ្នកចូលរួមហែរទាំងអស់ថា គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋ ជួយកសាងហេដ្ឋារចនាសម្ពន្ធ័នានាជូនជាតិ និងប្រជាពលរដ្ឋ ហើយសមិទ្ធិផលទាំងនេះគណបក្សប្រជាជនកម្ពុជា មិនដែលបានសន្យាទេ ខុសប្លែកពីគណបក្សប្រឆាំង ដល់ពេលឃោសនាម្តងៗតែងសន្យានេះសន្យានោះ តែធាតុពិតជាក់ស្តែងមិនមានចេញជាលទ្ធផលជាក់ស្តែង ឲ្យប្រជាពលរដ្ឋមើលឃើញនោះទេ។ ដូច្នេះតើបងប្អូនគួរជ្រើសរើស អ្នកធ្វើរហូត ឫក៏អ្នកសន្យារហូត?។