(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានលើកឡើងពីគោលនយោបាយដ៏ចាស់ទុំ និងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដោយគ្រប់ភាគីទាំងអស់ មិនថាគណបក្សនយោបាយណាក៏ គឺសុទ្ធសឹងតែរស់នៅប្រកបដោយសេចក្តីសុខ គ្មាននរណាម្នាក់ស្លាប់ ដោយការសងសឹងនោះឡើយ មិនដូចគណបក្សប្រឆាំង ដែលតែងតែបណ្តុះគំនិតញុះញង់ លាបពណ៌ឲ្យខ្មែរ និងខ្មែរស្អប់គ្នាទៅវិញទៅមក។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានលើកឡើងពីការចងចាំ នូវប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ នៅពេលដែលលោក លន់ នល់ ធ្វើរដ្ឋប្រហាទម្លាក់សម្តេចឪ សម្តេចព្រះបរមរតនកោដ បានធ្វើឲ្យសង្គ្រាមឆាបឆេះឡើង រវាងពួកលោក លន់ នល់ ជាមួយនឹងកងទ័ពរំដោះ។ នៅពេលដែលពួកទ័ពរំដោះ បានឈ្នះលើកងទ័ពលោក លន់ នល់ ធ្វើឲ្យមានការសងសឹង គឺការកាប់សម្លាប់ ទាំងទាហាន ទាំងប៉ូលិស ទាំងគ្រូបង្រៀន ទាំងមន្ត្រីរាជការគ្រប់ប្រភេទរបស់លោក លន់ នល់ និងបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជិត៣លាននាក់ត្រូវស្លាប់។
ប៉ុន្តែចំពោះនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺគ្រប់ភាគីទាំងអស់ ទាំងគណបក្សហ៊្វុនស៊ិនប៉ិចក្តី ទាំងភាគីលោកតា ស៊ឺនសានក្តី និង ភាគីខ្មែរក្រហមក្តី គឺគ្មាននរណាមួយ ស្លាប់ដោយសារសងសឹកនោះទេ។ ផ្ទុយទៅវិញពួកគេទទួល បាននូវនយោបាយឈ្នះឈ្នះទាំងអស់គ្នា គ្មាននរណាទទួលនូវការកាប់សម្លាប់ឡើយ គឺរស់នៅប្រកបដោយសិទ្ធិ ទទួលបាននូវផលប្រយោជន៍ នៃនយោបាយឈ្នះឈ្នះទាំងអស់គ្នា។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងទៀតថា សម្រាប់ការបោះឆ្នោតនៅលើកនេះ ទាំងការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ក្តី ទាំងការបោះឆ្នោតតំណាងរាស្ត្រ នៅពេលខាងមុខក្តី គឺជាការបោះឆ្នោតការពាររបបរាជានិយម ដែលគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលពិតប្រាកដការពារ និងថែរក្សា រាជបល្ល័ង ថែរក្សារបបរាជានិយម។ ដូចនេះការបោះឆ្នោតពេលខាងមុខនេះ គឺជាការបោះឆ្នោតប្រកួតប្រជែង រវាងអ្នកការពាររបបរាជានិយម និងអ្នកប៉ុនប៉ងបំផ្លាញរបបរាជានិយម ព្រោះថាអ្នកដែលដើរតួជាអ្នកដូរ ឬមិនដូរនៅពេលនេះ គឺសុទ្ធតែជាអតីតពួកសាធារណរដ្ឋ ដែលធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ។
លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំផ្នែកនយោបាយ ហើយជាគណបក្សមិនអនុវត្តនយោបាយ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៉ីត្រី មិនអនុវត្តនយោបាយជិះក្របីចម្លងផុក មិនអនុវត្តនយោបាយឆ្អឹនក្បាលស៊ីក្បាល ឆ្អឹនកន្ទុយស៊ីកន្ទុយ ដូចគណបក្សសង្គ្រោះជាតិនោះទេ ដូច្នេះហើយអ្នកណាក៏អាចរស់នៅ ជាមួយគណបក្សប្រជាជនកម្ពុជាបានដែរ ហើយគណបក្សប្រជាជនកម្ពុជា មិនរើសអើងគណបក្សនយោបាយទាំងអស់ មិនរើសអើងលាបពណ៌ខ្មែរណាទាំងអស់ ផ្ទុយពីគណបក្សសង្គ្រោះជាតិ ដែលតែងប្រើនយោបាយញុះញង់ លាបពណ៌ និងធ្វើឲ្យខ្មែរបែកបាក់សាមគ្គីជាតិ»។
ឆ្លើយតបនឹងការលើកឡើង របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ពាក់ព័ន្ធបញ្ហាកងទ័ពកម្ពុជានោះ ត្រូវបានលោកទេសរដ្ឋមន្ត្រី សេរី កុសល បញ្ជាក់តបទៅវិញថា អ្នកដែលមិនស្គាល់ពីកងទ័ពកម្ពុជា ហើយនិយាយពីកងទ័ព គឺមិនត្រឹមត្រូវនោះទេ ។ អ្នកដែលស្គាល់កងទ័ពកម្ពុជាពិតប្រាកដ គឺសម្តេចតេជោ ហ៊ុន សែន អ្វីដែលសម្តេចកំពុងធ្វើទំនើបកម្មទាំងជីវភាព ទាំងសព្វាវុធ មិនចាំបាច់ត្រូវប្រកាសឲ្យអ្នកដែលមិនយល់ពីកងទ័ព មកនិយាយពីរឿងកងទ័ព ទាំងខ្លួនឯងមិនស្គាល់កងទ័ពផង ជារឿងដ៏ឥតអៀនខ្មាសបំផុត ព្រោះសម្តេចតេជោ បានចាត់ទុកការធ្វើទំនើបកម្មកងទ័ពជារឿងអាទិភាព ហើយត្រូវបានកងទ័ពកម្ពុជា ចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាអគ្គបញ្ជាការភស្តុភារដ៏ធំជាទីបំផុត។
លោកបានសង្កត់ធ្ងន់ថា «បងប្អូនជនរួមជាតិ ជម្រើសតែមួយគត់ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយចាស់ទុំ រឹងមាំ មិនដូចគណបក្សផ្សេងៗសុទ្ធតែមានការបែកផ្ទៃក្នុង ដូចជាគណបក្សសង្គ្រោះជាតិជាបក្សមួយដែលមានក្បាលដល់ទៅ២ ហើយឥឡូវតាមឧបាយកលដ៏ប៉ឹនប្រសព្វ ក្បាលមួយត្រូវខ្ទាតចេញពីស្រុក ខណៈក្បាលមួយទៀតហាក់ដូចជាបានធ្វើបក្សប្រហារអីចឹង គឺបានធ្វើជាប្រធាន អីចឹងហើយយើងមើលឃើញច្បាស់ហើយ តើឲ្យបង្រួបបង្រួមជាតិយ៉ាងដូចម្តេច បើបង្រួបបង្រួមបក្សខ្លួនឯងមិនបានផងនោះ។ ខ្ញុំសូមអំពាវនាវឲ្យជនរួមជាតិ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការពារសន្តិភាព និងការអវិឌ្ឍន៍ឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសម្គាល់»៕